Connect with us

បាល់ទាត់អន្តរជាតិ

Juventus កំពុង​ពិចារណា​ផ្ទេរ ខ្សែបម្រើ​មួយ​រូប​របស់​ក្លឹប Manchester City

Published

on

ក្លឹប​សេះ​បង្កង់ Juventus គឺ​ជា​ក្លឹប​ចុង​ក្រោយ​គេ ដែល​កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែបម្រើ​កណ្តាល Kalvin Phillips របស់ Manchester City។ យ៉ាង​ណា​មិញ អនាគត​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ គឺ​ជា​ប្រធានបទ​នៃ​ការ​ជជែក​វែកញែក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ដោយ Kalvin Phillips ផ្ទាល់​ក៏​បាន​សារភាព​ដែរ​ថា គាត់​ប្រហែល​ជា​ត្រូវ​ស្វែងរក​ទ្រនំ​ថ្មី​នៅ​ឆ្នាំ 2024។

គួរ​រំលឹក​ផង​ដែរ​ថា Kalvin Phillips គឺ​ជា​កីឡាករ​ដ៏​សំខាន់​ពេល​នៅ​ក្លឹប​ចាស់ Leeds United ខណៈ​គេ​ក៏​ជា​កូន​សោរ​ដ៏​សំខាន់ ក្នុង​ការ​នាំ Leeds United ឲ្យ​ឡើង​ចេញ​ពីក្របខ័ណ្ឌ Championship ទៅ​កាន់ Premier League ផង​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ Kalvin Phillips ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ តែ​គាត់​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Man City នៅ​រដូវ​ក្ដៅ​ឆ្នាំ 2022។

គ្រប់​យ៉ាង​ខុស​ពី​ការ​រំពឹង​ទុក ព្រោះ​នៅ​ជាមួយ​ក្លឹប​ថ្មី Manchester City ខ្សែបម្រើ​រូប​នេះ​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ឡើយ ស្រប​ពេល​ដែល​គាត់​ក៏​តែងតែ​មាន​របួស​ជា​ញឹក​ញាប់​ទៀត​ផង។ នៅ​តំបន់​បម្រើ​កណ្ដាល​របស់ Man City គ្រូ​បង្វឹក​តែងតែ​ប្រើប្រាស់ Rodri និង John Stones ខណៈ​ដែល Mateo Kovacic និង Matheus Nunes ក៏​ជា​ជម្រើស​មុន Kalvin Phillips ដែរ។

ពេល​នេះ​របាយការណ៍ Gazzetta dello Sport បាន​អះអាង​ថា ក្លឹប​យក្ស​អ៊ីតាលី Juventus កំពុង​បោះ​ជំហាន ត្រៀម​ចរចា​លើ Kalvin Phillips ស្រប​ពេល​ដែល​ខ្សែបម្រើ​សំខាន់ៗ​របស់​ពួក​គេ 2 រូប​ដែល​មាន Paul Pogba និង Nicolo Fagioli កំពុង​ជាប់ពាក់​ព័ន្ធ​រឿង​អាស្រូវ​មិន​អាច​ចូល​លេង​បាន។ Kalvin Phillips អាច​នឹង​ក្លាយ​ជា​បេក្ខភាព​ដ៏​សាកសម​ក្នុង​ការ​ទៅ​ជំនួស Paul Pogba រឺ Nicolo Fagioli។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២