បាល់ទាត់អន្តរជាតិ
Manuel Akanji នឹងខកខានការប្រកួតបន្ទាប់ដែលត្រូវប៉ះនឹងបិសាចក្រហម Manchester United

ខ្សែការពារ Manuel Akanji របស់ក្លឹបមេឃខៀវ Manchester City នឹងអវត្តមានក្នុងការប្រកួត Derby ចុងសប្តាហ៍ក្រោយជាមួយនឹងគូប្រជែង Manchester United ដែលជាការប្រកួតបន្ទាប់ក្នុងក្របខ័ណ្ឌ Premier League។ Manuel Akanji ទទួលបានកាតក្រហមនៅក្នុងជ័យជម្នះ 2-1 ទៅលើ Brighton កាលពីម្សិលមិញនេះ។
Manuel Akanji ត្រូវបានបណ្ដេញចេញពីការប្រកួត បន្ទាប់ពីគាត់ទទួលបានកាតលឿងលើកទី 2 នៅនាទីទី 90+5។ ដូច្នេះហើយកីឡាករសញ្ជាតិស្វីសរូបនេះ នឹងមិនអាចចូលលេងនៅប្រកួតបន្ទាប់ក្នុងក្របខណ្ឌលីគកំពូលបានឡើយ ប៉ុន្តែសម្រាប់ការប្រកួតទល់នឹង Young Boys នៅថ្ងៃទី 26 ខាងមុខនេះ គាត់អាចលេងបានធម្មតាព្រោះវាជាការប្រកួតវគ្គជម្រុះក្នុងពូលនៃក្របខណ្ឌ UEFA Champions League។
ដោយឡែក Manuel Akanji គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 11 នាក់ ដែលបានចាប់ផ្ដើមជម្រើសដំបូងក្នុងការប្រកួតរបស់ Man City ជាមួយ Brighton ដោយពួកគេបានប្រើប្រាស់ប្រព័ន្ធខ្សែការពារក្រោម 3 ដែលកីឡាករ 2 នាក់ទៀតគឺ Kyle Walker និង Josko Gvardiol ខណៈដែល John Stones ឡើងមកលេងជាខ្សែបម្រើ និងចាប់ដៃគូគ្នាជាមួយ Rodri។ ប្រកួតក្រោយដែលអវត្តមាន Manuel Akanji ប្រហែលជា John Stones នឹងចុះមកលេងជាខ្សែការពារកណ្ដាលវិញ។
ប្រភព: Sportsmole