បាល់ទាត់អន្តរជាតិ
Cole Palmer ប្រាប់ឈ្មោះកីឡាករដែលខ្លួនគិតថា ល្អបំផុតក្នុងពិភពបាល់ទាត់

ការជជែកដេញដោលគ្នាថា តើនរណាជាកីឡាករដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់រវាង Lionel Messi និង Cristiano Ronaldo ប្រហែលជាមិនទាន់ត្រូវបានបញ្ចប់នោះទេ បើទោះបីជា កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi ទើបនឹងឈ្នះពាន World Cup ដែល Cristiano Ronaldo មិនទាន់ឈ្នះក៏ដោយ។
Lionel Messi និង Cristiano Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់អស់រយៈពេលប្រហែល 15 ឆ្នាំមកហើយ ស្របពេលដែលអ្នកទាំងពីបានប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញ ទាំងការឈ្នះពានជាមួយក្រុម និងការឈ្នះពានជាលក្ខណៈបុគ្គល។ ពាក់ព័ន្ធនឹងរឿងនេះដែរ ថ្មីៗនេះខ្សែប្រយុទ្ធឆ្នើម និងជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Cole Palmer បានបង្ហាញពីទស្សនៈនៃការយល់ឃើញផ្ទាល់ខ្លួនដោយលើកឡើងពីឈ្មោះកីឡាករល្អបំផុតនៅក្នុងពិភពបាល់ទាត់។
នៅក្នុងកម្មវិធីកម្សាន្តមួយជាមួយ Sky Sports កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានតម្រូវឲ្យសរសេរឈ្មោះមនុស្សម្នាក់ដែលគាត់គិតថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់។ ពេលនោះ Cole Palmer បានលើកផ្ទាំងក្ដារពណ៌ស ដោយមានឈ្មោះ Messi ហើយគាត់បាននិយាយបន្ថែមថា៖ “ពិតណាស់គឺ Messi ដោយសារតែរបៀបលេងរបស់គាត់ និងរាល់ពានរង្វាន់បុគ្គលដែលគាត់បានឈ្នះ។ ជាកីឡាករល្អបំផុតដែលមិនធ្លាប់មាន… ច្បាស់ណាស់ សម្រាប់ខ្ញុំគឺ Messi”។
ប្រភព: Sky Sports Premier League