Connect with us

បាល់ទាត់អន្តរជាតិ

មុន​ការ​ប្រកួត El Clasico ចុង​សប្ដាហ៍​នេះ Barcelona មាន​​កីឡាករ​របួស​មិន​តិច​ជាង 7 នាក់

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​​តែ​មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​នឹង​ការ​ប្រកួត El Clasico ដ៏​ធំ​ទល់​នឹង Real Madrid នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ខណៈ​ដែល​កីឡាករ​សំខាន់ៗ​របស់​ពួក​គេ​កំពុង​មាន​របួស​មិន​តិច​ជាង 7 នាក់​ឡើយ។

ខ្សែការពារ Jules Kounde ពិត​ជា​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត El Clasico 100% ដោយ​សារ​តែ​របួស​ជង្គង់​របស់​គេ ដោយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ មិន​អាច​វិល​ត្រឡប់​មក​ទីលាន​វិញ​ឡើយ រហូត​ដល់​ក្រោយ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​លក្ខណៈ​ប្រទេស​ក្នុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ។ ខ្សែបម្រើ Sergi Roberto ក៏​នឹង​ត្រូវ​អវត្តមាន​ដោយ​សារ​បញ្ហា​កំភួន​ជើង ស្រប​ពេល​ដែល​ក្តី​សង្ឃឹម​របស់ Pedri ក្នុង​ការ​ជា​សះស្បើយ​ពី​របួស​ភ្លៅ​ទាន់​ពេល​សម្រាប់​ការ​ប្រកួត​ជាមួយ Real Madrid ក៏​ហាក់​ដូច​មិន​អាច​ទៅ​រួច​ដែរ។

ផ្សេង​ពី​នេះ​ទៀត Barcelona ក៏​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បាត់​បង់​ខ្សែបម្រើ​សំខាន់ Frenkie de Jong ដោយ​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​មាន​បញ្ហា​កជើង​ដែល​គាត់​បាន​រង​របួស ក្នុង​អំឡុង​ពេល​ប្រកួត​ជាមួយ Celta Vigo កាល​ពី​ខែ​មុន។ ខ្សែប្រយុទ្ធ​ពីរ​រូប​ដែល​មាន Raphinha និង Robert Lewandowski ក៏​បាន​អវត្តមាន​ទល់​នឹង Shakhtar Donetsk ថ្ងៃ​នេះ ហើយ​កំពុង​សង្ស័យ​ថា ពួក​គេ​អាច​នឹង​ខកខាន​សម្រាប់​ការ​ប្រកួត El Clasico ដែរ។

ទោះ​ជា​យ៉ាង​ណា​យោងតាម​របាយការណ៍​ពី AS បាន​ឲ្យ​ដឹង​ថា Raphinha និង Robert Lewandowski បាន​ត្រឡប់​មក​ហ្វឹកហាត់​បាន​វិញ​ហើយ តែ​កំពុង​ស្ថិត​ក្នុង​ការ​វាយ​តម្លៃ​ថា តើ​ពួក​គេ​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចូលលេង​ទល់​នឹង Real Madrid រឺ​អត់។

Joao Felix ក៏​បាន​ធ្វើ​ឲ្យ Barcelona បារម្ភ​ដែរ ដោយ​ប្រកួត​ទល់​នឹង Shakhtar Donetsk ថ្ងៃ​នេះ គាត់​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ចុង​តង់ ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយ​បាន​លើក​ឡើង​ថា គេ​បាន​រងរបួស​តិចតួច​ប៉ុណ្ណោះ។ សម្រាប់ Gavi ក៏​បាន​អវត្តមាន​ពេល​ប្រកួត​ជាមួយ Shakhtar Donetsk ដែរ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​បាន​អវត្តមាន​ដោយសារ​ជាប់​ពិន័យ​កាត​ក្របហម ហើយ​គាត់​នឹង​ចូល​លេង​ជាធម្មតា​នៅ​ក្នុង​ការ​ប្រកួត El Clasico។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២