បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់បិសាចក្រហម ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើខ្សែការពារ Ronald Araujo របស់ Barcelona

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand ដែលបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយកីឡាលើប្រព័ន្ធផ្សព្វផ្សាយនានា បាននិយាយកាលពីពេលថ្មីៗនេះថា គាត់ពេញចិត្តនឹងទម្រង់លេងរបស់ Ronald Araujo ហើយចង់ឲ្យក្លឹបបិសាចក្រហមនាំយកខ្សែការពាររូបនេះទៅទឹកដីអង់គ្លេស។
Rio Ferdinand បាននិយាយថា៖ “ខ្សែការពារដែលខ្ញុំចង់ឃើញ Manchester United ចុះហត្ថលេខានាំមក? នោះគឺក្មេងប្រុសសញ្ជាតិអ៊ុយរុយហ្គាយនៅក្លឹបកាតាឡាន់គឺ Ronald Araujo គេជាខ្សែការពារកម្រឃើញក្នុងពិភពលោកនេះ។ គេក៏មានគុណភាពគ្រប់គ្រាន់ ក្នុងការមកលេងនៅ Premier League ខ្ញុំហ៊ាននិយាយថា ពេលនេះគេជាខ្សែការពារល្អដាច់គេក្នុងពិភពបាល់ទាត់”។
សម្រាប់អ្នកគាំទ្ររបស់ Barcelona ពិតជាបានដឹងច្បាស់ ពីការវិវត្តន៍នៃទម្រង់លេងដ៏អស្ចារ្យរបស់ Ronald Araujo ដោយខ្សែការពាររូបនេះ ត្រូវបានក្លឹបយក្សកាតាឡាន់ចុះហត្ថលេខាផ្ទេរពីក្លឹប Boston River ដែលជាក្លឹបស្ថិតក្នុងលីគកំពូលនៃប្រទេសអ៊ុយរូហ្គាយ ក្នុងឆ្នាំ 2018។
បន្តពីនោះមក Ronald Araujo ចំណាយពេលត្រឹមតែ 2 រដូវកាលប៉ុណ្ណោះ ជាមួយ Barcelona ឈុត B ហើយក្នុងរដូវកាលឆ្នាំ 2019-2020 គាត់ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាលើកដំបូង។ គិតមកទល់នឹងពេលនេះ គេបានបង្ហាញខ្លួនសរុប 120 ប្រកួតមកហើយ ក្នុងនាមជាខ្សែការពារកណ្ដាលដ៏សំខាន់របស់ក្លឹប។
ប្រភព: Sport.es