បាល់ទាត់អន្តរជាតិ
Luis Suarez ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ត្រៀមប៉ះអាហ្សង់ទីនចុងសប្ដាហ៍នេះ
ខ្សែប្រយុទ្ធឆ្នើម Luis Suarez បានត្រឡប់ទៅកាន់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយរបស់គាត់វិញ កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាការកោះហៅរបស់គ្រូបង្វឹកលោក Marcelo Bielsa ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup តំបន់អាមេរិកឡាទីនចំនួន 2 ប្រកួត ដែលប្រកួតដំបូងត្រូវប៉ះក្រុមខ្លាំងអាហ្សង់ទីន និងប្រកួតបន្ទាប់ប៉ះជាមួយ បូលីវី។
យ៉ាងណាមិញ Luis Suarez នឹងត្រូវជួបមិត្តចាស់របស់គាត់ ក្នុងនាមជាសត្រូវនៅលើទីលានប្រកួត Lionel Messi ខណៈដែលពួកគាត់ទាំង 2 គឺជាមិត្តដ៏ស្ម័គ្រស្មោះនឹងគ្នាខ្លាំងបំផុត។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Luis Suarez កំពុងប្រកបអាជីពជាមួយក្លឹប Gremio ប៉ុន្តែកីឡាករវ័យ 36 ឆ្នាំរូបនេះ នៅតែមានទម្រង់លេងដ៏លេចធ្លោរ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគកំពូលរបស់ប្រេស៊ីលថែមទៀតផង ដោយមានគ្រាប់បាល់ 14 គ្រាប់ ក្នុងការបង្ហាញខ្លួន 29 ប្រកួត នៅរដូវកាលនេះ។
ការប្រកួតនៅព្រឹកថ្ងៃសុក្រ ទល់នឹងអាហ្សង់ទីននឹងក្លាយជាការប្រកួតលើកដំបូងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិ ដោយគាត់បានខកខានតាំងពីប្រកួតដែលអ៊ុយរូហ្គាយ ត្រូវបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាក្នុងវគ្គចែកពូលកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ Edinson Cavani ដែលជាកីឡាករជើងចាស់មួយរូបដែរនោះ មិនត្រូវបានកោះហៅឡើយ ដោយគាត់កំពុងមានរបួសពេលលេងឲ្យក្លឹប Boca Juniors។
ប្រភព: ESPN