បាល់ទាត់អន្តរជាតិ
Tottenham Hotspur បញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួនឲ្យទៅមើលទម្រង់លេងរបស់ Jobe Bellingham
![](https://x-sportkh.com/wp-content/uploads/2023/11/article-002777-1.jpg)
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើលខ្សែបម្រើ Jobe Bellingham របស់ក្លឹប Sunderland និងជាប្អូនប្រុសបង្កើតរបស់ Jude Bellingham ផងដែរ។ ទោះបីជាទើបនឹងបានចូលរួមជាមួយ Sunderland នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅក៏ដោយ ខ្សែបម្រើឆ្នើមរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅកាន់ក្លឹបថ្មីដែលធំជាងមុន។
របាយការណ៍ដែលបានចុះផ្សាយកាលពីមួយរយៈមុនបានអះអាងថា ក្លឹបអធិរាជស Real Madrid កំពុងវាយតម្លៃលើសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះ បន្ទាប់ពីផ្ទេរបងប្រុសរបស់គាត់ដោយជោគជ័យខ្លាំងបំផុត។ ក្លឹបយក្សរបស់អេស្ប៉ាញ ក៏ដូចជាមជ្ឈដ្ឋានបាល់ទាត់ជាច្រើនបានសម្លឹងមើលឃើញថា Jobe Bellingham នឹងមានសមត្ថភាពមិនចាញ់បងប្រុសរបស់គាត់ឡើយនាពេលអនាគត។
ដោយឡែកនៅពេលនេះរបាយការណ៍ពី Football Insider បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងបង្ហាញចំណាប់អារម្មណ៍លើ Jobe Bellingham បន្ទាប់ពីពួកគេបានបញ្ជូនក្រុមការងាររបស់ខ្លួនឲ្យទៅមើលពីសមត្ថភាពលេងរបស់កីឡាករវ័យ 18 ឆ្នាំរូបនេះ។ គេបានដឹងថា Tottenham Hotspur ពេញចិត្តលើ Jobe Bellingham ចាប់តាំងពីខែមករាដើមឆ្នាំនេះ ដែលពេលនោះគេនៅលេងឲ្យក្លឹប Birmingham City ម្ល៉េះ។
ប្រភព: Sportsmole