បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ ប្រាប់ថា នឹងដាក់ Kai Havertz ឲ្យលេងក្នុងតំណែងចល័តដែលមិនគ្រាន់តែជាខ្សែការពារឆ្វេងនោះទេ
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ Julian Nagelsmann បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ក្នុងប្រកួតដោយដាក់ Kai Havertz របស់ Arsenal ឲ្យលេងក្នុងតំណែងជាខ្សែការពារឆ្វេង ដែលជាការប្រកួតមិត្តភាពទល់នឹងប្រទេសទួរគី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Kai Havertz បានរួមចំណែកស៊ុតបាល់បញ្ចូលទីមួយគ្រាប់ដែលជាគ្រាប់បើកឆាក តែគាត់ក៏ជាអ្នកដែលបង្កើតកំហុសឲ្យមានបាល់ប៉េណាល់ទីផងដែរ ដែលធ្វើឲ្យក្រុមភ្ញៀវទួរគីស៊ុតគ្រាប់ចុងក្រោយ ដែលជាគ្រាប់ជ័យជំនះក្នុងលទ្ធផលសរុប 2-3។
ការបរាជ័យនេះមិនមែនជាសញ្ញាល្អឡើយ សម្រាប់ការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julian Nagelsmann ខណៈដែលប្រទេសអាឡឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Euro 2024 ថែមទៀតផង។ វាជាការប្រកួតក្នុងដីរបស់ខ្លួនឯងជាលើដំបូង សម្រាប់លោក Nagelsmann ប៉ុន្តែចំណុចដ៏គួរឲ្យកត់សម្គាល់មួយទៀតគឺគាត់បានដាក់ Kai Havertz ឲ្យលេងជាខ្សែការពារស្លាបដែលខុសពីជំនាញពិតប្រាកដរបស់គាត់ជាខ្សែបម្រើប្រយុទ្ធ។
ពាក់ព័ន្ធនឹងរឿងនេះដែរ ថ្លែងទៅកាន់ RTL មុនពេលនៃការប្រកួត Nagelsmann បាននិយាយថា៖ “Kai Havertz នឹងមិនលេងនៅក្នុងតំណែងដដែលៗរបស់គាត់នោះទេ។ ខ្ញុំមានគំនិតដ៏ល្អបំផុតមួយ ក្នុងនាមគាត់ជាកីឡាករបាល់ទាត់ដ៏ពូកែម្នាក់។… គាត់នឹងលេងចល័ត ដែលមិនមែនគ្រាន់តែជាខ្សែការពារឆ្វេងនោះទេ”។
ប្រភព: Dailypost NG