Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប 2 នៅ​អេស្ប៉ាញ កំពុង​ចាប់​អារម្មណ៍​ខ្លាំង និង​ចង់​ចុះ​ហត្ថលេខា​លើ Mason Greenwood

Published

on

ក្លឹប Getafe ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​បណ្ដោះ​អាសន្ន​របស់ Mason Greenwood ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ចរចា​ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែប្រយុទ្ធ​រូប​នេះ នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ ដោយ​សារ​ចំនួន​ក្លឹប​ដែល​ចង់​បាន​គេ​កាន់​តែ​កើន​ឡើង ស្រប​ពេល​ដែល​បិសាចក្រហម Manchester United ក៏​ចង់​យក​គេ​ទៅ​វិញ​ផង​ដែរ។

កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​ម្ចាស់​ជើងឯក​របស់​អង់គ្លេស 20 សម័យ​កាល និង​ចូលរួម​ជាមួយ Getafe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល។ បន្ទាប់​ពី​នោះ​មក Mason Greenwood មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប Getafe និង​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 11 ប្រកួត។

ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង Mason Greenwood គ្រោង​នឹង​ត្រឡប់​ទៅ Old Trafford វិញ នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ ហើយ​គាត់​នៅ​សល់​កុងត្រា 18 ខែ​ទៀត ជាមួយ​បិសាចក្រហម​ផង​ដែរ។ យ៉ាង​ណា អ្នក​កាសែត​ល្បី​ឈ្មោះ​លោក Jamie Jackson ថ្មីៗ​នេះ​បាន​អះអាង​ថា Greenwood ទំនង​ជា​មិន​សម្រេច​ចិត្ត​ត្រឡប់​ទៅ Man United នោះ​ទេ។

យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប Real Sociedad និង Valencia ជា​ក្លឹប 2 ដែល​មាន​គោលដៅ​ច្បាស់​លាស់ ត្រៀម​ចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ Greenwood ខណៈ​ដែល Getafe អាច​ជួប​ការ​លំបាក​ក្នុង​ការ​ទិញ​ផ្ដាច់កុងត្រា​របស់​កីឡាករ​ឆ្នើម​រូប​នេះ។ Greenwood ធ្លាប់​បាន​និយាយ​ថា គាត់​ពេញ​ចិត្ត​ក្នុង​ការ​បន្ត​អាជីព​នៅ​ទឹកដី​អេស្ប៉ាញ ជា​ច្រើន​រដូវកាល​ទៀត​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២