បាល់ទាត់អន្តរជាតិ
Barcelona នឹងឲ្យ Lewandowski ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2025
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេលើកឡើងថា អាចនឹងចាកចេញពីក្លឹបយក្សកាតាឡាន់របស់ខ្លួន ក្នុងនាមជាកីឡាករដែលក្លឹបបញ្ចប់កុងត្រា នៅឆ្នាំ 2025។
Robert Lewandowski គឺជាអតីតខ្សែប្រយុទ្ធដែលរួមរស់រយៈពេល 8 ឆ្នាំនៅ Bayern Munich ហើយនៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2022 គាត់ក៏បានផ្ទេរមកទឹកដីអេស្ប៉ាញដោយចូលរួមជាមួយក្លឹប Barcelona ក្នុងតម្លៃផ្ទេរ 45 លានអឺរ៉ូ (38.6 លានផោន)។ រដូវកាលដំបូងរបស់កីឡាករវ័យ 35 ឆ្នាំរូបនេះនៅ Camp Nou គឺគាត់ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបានស៊ុតបញ្ចូលទី 23 គ្រាប់ក្នុងលីគកំពូល La Liga និងជួយ Barcelona ឲ្យឈ្នះពានលីគទៀតផង។
កីឡាករសញ្ជាតិប៉ូឡូញរូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ឆ្នាំ 2026 ជាមួយនឹងជម្រើសបន្តបន្ថែមមួយឆ្នាំទៀត។ ទោះបីជា Barcelona មានស្ថានភាពមិនល្អលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក៏ដោយ ពួកគេនៅតែយល់ព្រមដំឡើងប្រាក់ឈ្នួលឲ្យ Lewandowski ដោយចាប់ផ្តើមជាមួយនឹងប្រាក់ខែ 20 លានអឺរ៉ូ (17.2 លានផោន) សម្រាប់រដូវកាលឆ្នាំ 2022-2023។
ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះ នឹងឡើងដល់ 26 លានអឺរ៉ូ (22.3 លានផោន) ក្នុងមួយឆ្នាំ ហើយប្រសិនបើគាត់បន្តនៅក្លឹបដល់រដូវកាលទី 3 (2024-2025) គាត់នឹងទទួលបានប្រាក់រហូតដល់ 32 លានអឺរ៉ូ (27.5 លានផោន)។ ផ្ទុយមកវិញ ដើម្បីជួយសង្រ្គោះខ្លួនឯងពីការធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ និងទម្រង់លេងដែលអាចធ្លាក់ចុះរបស់ Lewandowski ដែរនោះ Barcelona ត្រូវបានគេអះអាងថា អាចបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះនៅឆ្នាំ 2025។
ប្រភព: Sportsmole