Connect with us

បាល់ទាត់អន្តរជាតិ

Ruben Neves បញ្ជាក់​ថា ខ្លួន​មិន​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ​ឡើយ

Published

on

កីឡាករ Ruben Neves បាន​បង្ហាញ​ថា ខ្លួន​ចង់​បន្ត​ស្នាក់​នៅ​ក្លឹប Al-Hilal របស់ Saudi Pro League ទៀត ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Newcastle United និង Arsenal ដែល​ចង់​នាំ​យក​ទៅ​ទឹកដី​អង់គ្លេស​វិញ​ក៏​ដោយ។

យ៉ាង​ណា​មិញ យើង​បាន​ដឹង​ហើយ​ថា កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល 6 ឆ្នាំ Wolverhampton Wanderers កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ ដើម្បី​ផ្លាស់​ទៅ​ទឹកដី​មមជ្ឈឹម​បូព៌ា​ជាមួយ​​ក្លឹប Al-Hilal ក្នុង​តម្លៃ​ផ្ទេរ 47 លានផោន ជា​មួយ​នឹង​កុងត្រា​រយៈពេល 3 ឆ្នាំ។

ចាប់​តាំង​ពី​ពេល​នោះ​មក Neves បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 19 ប្រកួត សម្រាប់ Al-Hilal និង​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្លឹប​របស់​ខ្លួន​ឈរ​នៅ​តំណែង​កំពូល​តារាង​ក្នុង​លីគ​ដែល​​បច្ចុប្បន្ន​ដាច់ 7 ពិន្ទុ ពី​ក្រុម​លេខ 2 Al Nassr ហើយ​កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន Saudi Pro League ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​មួយ​នឹង​ទម្រង់​លេង​ដែល​នៅ​តែ​លេច​ធ្លោរ​របស់ Ruben Neves គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ត្រឡប់​មក​ទឹកដី Premier League វិញ​នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។ ផ្ទុយ​មក​វិញ ថ្មីៗ​នេះ Ruben Neves បាន​ថ្លែង​ប្រាប់​ទៅ​កាន់ BBC Sport ថា៖ “ខ្ញុំ​មិន​ទៅ (Premier League) វិញ​ទេ។ ខ្ញុំ​គិតថា វា​ជា​ពាក្យ​ចចាម​អារ៉ាម​ដោយ​សារ​តែ​ម្ចាស់​ក្លឹប ហើយ​ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​លេង​នៅ​អង់គ្លេស​ផង​ដែរ។ មាន​ការ​ចាប់​អារម្មណ៍​ពី Newcastle មុន​ពេល​ដែល​ខ្ញុំ​មក​ទី​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​នៅ​ទីនេះ គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​រីករាយ ដូច្នេះ​ខ្ញុំ​កំពុង​មាន​ពេល​វេលា​ដ៏អស្ចារ្យ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២