Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Aston Villa ប្រាប់​មូលហេតុ​ដែល​ក្រុម​របស់​គាត់​អាច​យក​ឈ្នះ Arsenal

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Aston Villa លោក Unai Emery បាន​សរសើរ​ពី​ទម្រង់​លេង​​ក្រុម​របស់​គាត់ ខណៈ​ដែល​ពួកគេ​បាន​យក​ឈ្នះ Arsenal 1-0 ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃសៅរ៍​ម្សិលមិញ។ គ្រាប់​បាល់​​ដំបូង​​របស់ John McGinn និង​ជា​គ្រាប់​បាល់​តែ​មួយ​គត់​នៅ​ក្នុង​ការ​ប្រកួត ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Aston Villa យក​បាន 3 ពិន្ទុ​ពី Arsenal។

យ៉ាង​ណា​មិញ វា​ក៏​ជា​ជ័យ​ជម្នះ​ជាប់ៗ​គ្នា​លើក​ទី 2 របស់​ពួកគេ​ទៅ​លើ​ក្រុម​ខ្លាំង​នៅ​ក្នុង​លីគ​ជា​មួយ​គ្នា​ផង​ដែរ ដោយ​ប្រកួត​មុន​ពួក​គេ​បាន​ឈ្នះ Manchester City 1-0 និង​ពេល​នេះ​ពួក​គេ​បន្ត​ឈ្នះ Arsenal ក្នុង​លទ្ធផល​បែប​នេះ​ដូច​គ្នា។

ថ្លែង​ទៅ​កាន់ Sky Sports បន្ទាប់​ពី​ការ​ប្រកួត​ទល់​នឹង Arsenal លោក Unai Emery បាន​និយាយ​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ហើយ​យើង​នឿយ​ហត់ ប៉ុន្តែ​យើង​បាន​ចាប់​ផ្តើម​ការ​ប្រកួត​បាន​យ៉ាង​ល្អ។ ពួក​គេ​បាន​រៀបចំ​ក្បួន​លេងនៅ​លើ​ទីលាន ប៉ុន្តែ​អ្នកចាំទី​របស់​យើង​ពិត​ជា​អស្ចារ្យ​ណាស់”។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ “យើង​បាន​ព្យាយាម​ការពារ និង​រក្សា​ការ​គ្រប់គ្រង​បាល់​លេង​យូរ​ជាង​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក។ យើង​បាន​ប្រកួត​ប្រជែង ហើយ​វា​ជា​ការ​រក​បាន 3 ពិន្ទុ​យ៉ាង​អស្ចារ្យ​ក្នុង​សប្តាហ៍​ដ៏​លំបាក​មួយ។ យើង​ត្រូវ​តែ​សប្បាយ​ចិត្ត ប៉ុន្តែ​ក៏​រក្សា​ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ​ផង​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២