បាល់ទាត់អន្តរជាតិ
ខ្សែការពារ Cristian Romero នឹងអវត្តមានពីលើទីលានប្រកួត 5 សប្តាហ៍
គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Ange Postecoglou បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ទាក់ទងនឹងខ្សែការពារ Cristian Romero ដែលត្រូវអវត្តមានពីលើទីលានប្រកួតរហូតដល់ 5 សប្តាហ៍ជាមួយនឹងរបួសសរសៃពួរ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានប្ដូរចេញនៅពាក់កណ្តាលតង់ ក្នុងការប្រកួតដែលក្រុមរបស់ខ្លួនបានយកឈ្នះ 2-1 ទៅលើ Everton ជាការប្រកួតក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ដូច្នេះ Romero ត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតទល់នឹង Brighton នៅចុងឆ្នាំនេះ។
ទន្ទឹមនឹងនេះដែរ Tottenham Hotspur នឹងលេងដោយគ្មានខ្សែការពារសំខាន់ម្នាក់ទៀតផងដែរគឺ Micky van de Ven ដែលកំពុងមានបញ្ហាសរសៃពួរដូចគ្នា។ Postecoglou បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា “វាមិនជាខ្លាំងក្លាប៉ុន្មានទេសម្រាប់ Romero គាត់បានស្កែនមើលរបួសនៅថ្ងៃមុន ហើយគាត់មានបញ្ហាសរសៃពួរ។ ដូច្នេះយើងប្រហែលជាឲ្យគាត់សម្រាកព្យាបាល 4 សប្តាហ៍ រឺ 5 សប្តាហ៍”។
ប្រភព: Sportsmole