Connect with us

បាល់ទាត់អន្តរជាតិ

Birmingham City ប្រកាស​បណ្ដេញ Wayne Rooney ចេញ​ពី​តំណែង ក្រោយ​ដឹកនាំ​បាន 15 ប្រកួត

Published

on

ក្លឹប Birmingham City បាន​ប្រកាស​បញ្ជាក់​ថា គ្រូ​បង្វឹក Wayne Rooney ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ហើយ បន្ទាប់​ពី​ដឹកនាំ​ក្រុម​មិន​បាន​ជោគជ័យ​ត្រឹមតែ 15 ប្រកួត​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ បុរស​វ័យ 38 ឆ្នាំ​រូបនេះ​ទើប​តែ​ចូល​កាន់​តំណែង​នៅ St Andrew’s កាល​ពី​ថ្ងៃទី 11 ខែ​តុលា ឆ្នាំ 2023 ដោយ​ជំនួស​កន្លែង​របស់​អតីត​គ្រូ​បង្វឹក​លោក John Eustace។

បើ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ Wayne Rooney មិន​មែន​ជា​អ្នក​ជំនួស​តំណែង​ដ៏​ល្អ​នោះ​ទេ ព្រោះ Birmingham City បាន​ចាប់​ផ្ដើម​រដូវកាល​ថ្មី​របស់​ពួក​គេដោយ​ភាព​វិជ្ជមាន ប៉ុន្តែ​ក្រោយ​ការ​មក​ដល់​របស់ Wayne Rooney ក្រុម​បាន​ធ្លាក់​ទម្រង់​លេង​ជា​លំដាប់ ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 20 ក្នុង​តារាង Championship។

ការ​បរាជ័យ​ក្នុង​លទ្ធផល 3-0 នៅ​ថ្ងៃ​ចូលឆ្នាំ​សកល ក្នុង​ទឹកដី​ក្រុម​ម្ចាស់​ផ្ទះ Leeds United គឺ​ជា​ការដឹកនាំ​ប្រកួត​ចុងក្រោយ​របស់ Rooney ស្រប​ពេល​ដែល​ក្លឹប​កំពុង​ស្ថិត​ក្បែរ​តំបន់​ត្រូវ​កាត់​ចោល។ Rooney បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ពេញ​សិទ្ធិ​ដែល​ដឹកនាំ​ក្រុម​រយៈពេល​ខ្លី​បំផុត​ទី 2 ក្នុង​ប្រវត្តិសាស្ត្រ​របស់ Birmingham បន្ទាប់​ពី​អតីត​គ្រូ​ចាស់ Harry Redknapp ដែល​ធ្លាប់​ដឹកនាំ​បាន 13 ប្រកួត​ក្នុង​ឆ្នាំ 2017 ហើយ​ក៏​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​បែប​នេះ​ដូច​គ្នា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២