Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​នាំ​យក​អតីត​ខ្សែបម្រើ Thiago Alcantara ត្រឡប់​ទៅ​វិញ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​នាំ​យក​អតីត​ខ្សែបម្រើ Thiago Alcantara ត្រឡប់​មក​អតីត​ក្លឹប​ចាស់​វិញ។ កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​ពី​មុន​ធ្លាប់​បាន​លេង​ឲ្យក្លឹប​យក្ស​កាតាឡាន់​អស់​រយៈពេល 8 ឆ្នាំ​នៅ​ចន្លោះ​ឆ្នាំ 2005 ដល់ 2013 មុន​ពេល​ចាកចេញ​ទៅ​ទឹកដី​អាឡឺម៉ង់ ដោយ​ចូលរួម​ជាមួយ Bayern Munich។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ​ជា​អតីត​យុវជន​របស់ La Masia និង​ធ្លាប់​បាន​ឈ្នះពាន​ជា​ច្រើន​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ Thiago Alcantara ធ្លាប់​បាន​ឈ្នះ UEFA Champions League, La Liga និង Club World Cup ជាមួយ Barcelona ហើយ​ក្រោយ​មក​ក៏​​ត្រូវ​បាន​ក្លឹប​លក់​ចេញ​ទៅ​ឲ្យ Bayern Munich ក្នុង​តម្លៃ 21.5 លានផោន។

បន្ទាប់​ពី​រួម​រស់​ក្នុង​ទ្រនំ​ជា​មួយ Bayern Munich អស់​រយៈពេល 7 ឆ្នាំ គាត់​បាន​ផ្ទេរ​ទៅ Liverpool ក្នុង​ឆ្នាំ 2020 ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់ មិន​ល្អ​ដូច​ពេល​នៅ​អាឡឺម៉ង់​ឡើយ ដោយ​សារ​បញ្ហា​របួស​ជា​ញឹកញាប់។ ទោះ​ជា​យ៉ាង​ណា គាត់​ក៏​បាន​រួម​ចំណែក​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង​ផង​ដែរ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 97 ប្រកួត។

ខ្សែបម្រើ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​រូប​នេះ នឹង​ផុត​កុងត្រា​ជាមួយ Liverpool នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​គេ​គិត​ថា ប្រហែល​ជា​ក្លឹប​ហង្សក្រហម​នឹង​មិន​ផ្ដល់​កុងត្រា​ថ្មី​ដល់​គាត់​នោះ​ទេ។ របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​នៅ​ក្របខ័ណ្ឌ Serie A ចំនួន 2 គឺ Inter Milan និង Juventus ចាប់​អារម្មណ៍​ចង់​បាន Thiago Alcantara ប៉ុន្តែ​បើ​យោងតាម​កាសែត The Mirror បាន​ឲ្យ​ដឹង​ថា Barcelona ចង់​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន​រូប​នេះ​ត្រឡប់​ទៅ Camp Nou វិញ ក្នុង​​ខែ​មករា​ដើម​ឆ្នាំនេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២