Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur បើក​ការ​ចរចា​ផ្ទេរ​ខ្សែប្រយុទ្ធ​មួយ​រូប​ដែល​ជា​មិត្ត​រួម​សញ្ជាតិ​ជាមួយ Haaland

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Antonio Nusa របស់​ក្លឹប Brugge។ គិត​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គ្រូ​បង្វឹក​លោក Ange Postecoglou ក្លឹប​របស់​អង់គ្លេស​មួយ​នេះ បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ស្វែងរក​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ថ្មី ជា​ពិសេស​ដោយ​សារ​តែ​ការ​លក់ Harry Kane ទៅ​ឲ្យ Bayern Munich។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្វី​ត្បិតតែ Tottenham Hotspur មិន​មាន​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ក៏​ដោយ តែ​ពួក​គេ​ជា​ក្លឹប​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​មាន​តែ Manchester City ប៉ុណ្ណោះ​ដែល​មាន​ស្ថិតិ​ស៊ុត​បញ្ចូលទី​បាន​ច្រើន​គ្រាប់​ជាង​គេ​ក្នុង​ឆ្នាំ 2023-2024 នេះ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ​បច្ចុប្បន្ន​របស់​មាន់ខ្នាយមាស​គឺ Brennan Johnson ខណៈ​ដែល James Maddison ជា​ខ្សែបម្រើ​ប្រយុទ្ធ​ដែល​ជួយ​ជ្រោមជ្រែង​នៅ​តំបន់​ខាង​លើ។ សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​ឆ្វេង​នឹង​ប្រគល់​ឲ្យ Timo Werner ដែល​ទើបតែ​ខ្ចី​ជើង​ពី RB Leipzig ហើយ Richarlison និង Son Heung-Min លេង​ផ្លាស់ប្ដូរ​គ្នា​ម្ដង​ម្កាល។

យ៉ាង​ណា យោងតាម​របាយការណ៍​ពី HLN បាន​ឲ្យ​ដឹង​ថា Tottenham Hotspur បាន​ឈាន​ដល់​​ការ​ពិភាក្សា​ជាមួយ​ក្លឹប Brugge ទាក់ទង​នឹង​ការ​ទិញ​យក Antonio Nusa ដែល​ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​នា​ពេល​អនាគត។ កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 62 ប្រកួត​មក​ហើយ សម្រាប់​ក្លឹប​​នៅ​លីគ​កំពូល​ប្រទេស​បែលហ្ស៊ិក ដោយ​បាន​រួមចំណែក​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។

ជាមួយ​នឹង Antonio Nusa ដែល​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ 2027 នោះ ក្លឹប Brugge នឹង​ស្ថិត​ក្នុង​ជំហរ​ចង់​រក្សា​ទុក​គាត់​បន្ត​ទៀត ប៉ុន្តែ​ពួក​គេ​ក៏​ប្រហែល​ជា​មិន​អាច​ហាម​ឃាត់​គាត់​មិន​ឲ្យ​ចាកចេញ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី​ដែល​ធំ​ជាមុន​ដែរ។ ទន្ទឹម​នឹង​នេះ Liverpool, Arsenal, Chelsea និង Fulham ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​ជា​ក្លឹប​ដែល​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២