Connect with us

បាល់ទាត់អន្តរជាតិ

Xabi Alonso មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ចូល​កាន់​តំណែង​បន្ត​ពី​លោក Jurgen Klopp នៅ​រដូវកាល​ក្រោយ

Published

on

លោក Xabi Alonso ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​អំពី​លទ្ធភាព​ដែល​គាត់​អាច​មក​ជំនួស​តំណែង​លោក Jurgen Klopp នៅ​រដូវកាល​ក្រោយ។ បុរ​ស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មិន​បាន​ច្រានចោល​នូវ​រឿង​នេះ​ទេ គ្រាន់​តែ​បាន​និយាយ​បន្ថែម​ថា បច្ចុប្បន្ន​គាត់​កំពុង​ផ្តោត​លើ​ការងារ​របស់​គាត់​ជា​មួយ​ក្លឹប Bayer Leverkusen។

យោងតាម​សម្ដី​របស់​លោក Xabi Alonso ដែល​ដក​ស្រង់​ដោយ​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​មាន​ចម្លើយ​អំពី​រឿង​នេះ​ទេ។ បច្ចុប្បន្ន ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទីនេះ ហើយ​ផ្តោត​លើ​ការ​ធ្វើ​ការ​ជាមួយ Bayer Leverkusen”។

យ៉ាង​ណា​មិញ​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា លោក Xabi Alonso គឺ​ជា​បេក្ខភាព​គ្រូ​បង្វឹក​ដែល​មាន​អាទិភាព​ខ្ពស់​បំផុត ក្នុង​ការ​មក​កាន់​តំណែង​បន្ត​ពី​លោក Jurgen Klopp ដែល​ត្រៀម​នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ជា​ពិសេស​ក្នុង​នាម Xabi Alonso ក៏​ធ្លាប់​ជា​វីរបុស​បាល់ទាត់​ដែល​លេង​ឲ្យ Liverpool តាំង​ពី​ឆ្នាំ 2005 ដល់ឆ្នាំ 2009 ផង​ដែរ។

អតីត​ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Xabi Alonso បាន​ចូល​មក​ដឹកនាំ​ក្លឹប Bayer Leverkusen ក្នុង​ខែ​តុលា ឆ្នាំ 2022។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ Bayer Leverkusen មិន​បាន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​ក្នុង​រដូវកាល​នេះ ហើយ​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្នុង​ក្របខណ្ឌ​លីគ Bundesliga ដោយ​មាន​ពិន្ទុ​លើស​គូ​ប្រជែង​របស់​ខ្លួន Bayern Munich ចំនួន 4 ពិន្ទុ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២