បាល់ទាត់អន្តរជាតិ
Mbappe នៅតែមិនពេញចិត្តជាមួយនឹងប្រាក់ខែដែល Real Madrid គ្រោងនឹងផ្ដល់ជូនគាត់
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹបយក្សបារាំង PSG ត្រូវបានគេរាយការណ៍ថា នៅតែមិនពេញចិត្តជាមួយនឹងប្រាក់បៀវត្សរ៍ដែលគាត់ត្រូវបានផ្តល់ជូនដោយក្លឹប Real Madrid (នេះបើយោងតាមកាសែត The Independent បានចុះផ្សាយ)។ យ៉ាងណាមិញ កាលពីឆ្នាំមុន ប្រាក់ពលកម្មរបស់គាត់មានចំនួនរហូតដល់ 72 លានអឺរ៉ូ ក្នុងមួយឆ្នាំដែលនេះជាទំហំទឹកប្រាក់ដ៏ខ្ពស់បំផុតមួយ ដែលគាត់បានពី PSG។
ថ្វីត្បិតតែពេលនេះ កីឡាករបាល់ទាត់វ័យ 25 ឆ្នាំ Kylian Mbappe និងក្លឹបអេស្ប៉ាញ Real Madrid បានចរចាត្រូវរូវគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយគាត់នារដូវក្ដៅខាងមុខនេះក៏ដោយ ប៉ុន្តែលក្ខខណ្ឌផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រាក់ពលកម្មរបស់ខ្សែប្រយុទ្ធរូបនេះ នៅមិនទាន់បានឈានដល់ការសម្រេចជាចុងក្រោយនៅឡើយទេ។
នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្នុងករណីដែល Kylian Mbappe ព្រមចុះកុងត្រារយៈពេល 6 ឆ្នាំជាមួយ Real Madrid នោះគាត់នឹងទទួលបានទឹកប្រាក់ 32 លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលចំនួននេះទាបជាងរហូតដល់ពាក់កណ្ដាលនៃប្រាក់ខែគាត់ធ្លាប់ទទួលបាននៅ PSG។
ប្រភព: Telecomasia