បាល់ទាត់អន្តរជាតិ
Hazard បដិសេធមិនយល់ស្របតាមសម្ដីនៃការលើកឡើងរបស់ Cristiano Ronaldo

អតីតវីរបុរសបាល់ទាត់របស់ក្លឹបតោខៀវ Chelsea និងក្រុមជម្រើសជាតិបែលហ្ស៊ិកលោក Eden Hazard បានសម្តែងការមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់ Cristiano Ronaldo កាលពីមួយរយៈមុន ដែលបានអះអាងថា លីគរបស់អារ៉ាប៊ីសាអូឌីតខ្លាំងជាងលីគបារាំង (Ligue 1)។
យ៉ាងណាមិញ Hazard បាននិយាយកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធី ObiOne ថា៖ “ខ្ញុំមិនយល់ស្របជាមួយគាត់ (Cristiano Ronaldo) ទេ។ ខ្ញុំប្រាកដថា ប្រសិនបើក្រុមនៅ Ligue 1 លេងទល់ជាមួយក្រុមមកពីអារ៉ាប៊ីសាអូឌីត ពួកគេនឹងឈ្នះ។ វាប្រហែលជាមិនងាយស្រួល ដូចជាការគិតរបស់មនុស្សយើងទេ ប៉ុន្តែកម្រិតបាល់ទាត់នៅប្រទេសបារាំងគឺពិតជាល្អ”។
គួរដឹងផងដែរថា ពីឆ្នាំ 2008 ដល់ឆ្នាំ 2012 អតីតខ្សែប្រយុទ្ធឆ្នើម Eden Hazard បានប្រកបអាជីពនៅ Ligue 1 ដោយលេងឲ្យក្លឹប Lille និងធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំងម្ដង ជាមួយក្លឹបក្នុងឆ្នាំ 2011។ លើសពីនេះទៀត Hazard ក៏ធ្លាប់ត្រូវបានតែងតាំងជាកីឡាករល្អបំផុតប្រចាំរដូវកាលនៅ Ligue 1 បានចំនួន 2 ដងផងដែរ។
ប្រភព: Dailysports