បាល់ទាត់អន្តរជាតិ
Barcelona កំពុងចាប់អារម្មណ៍លើកីឡាករវ័យក្មេងមួយរូបរបស់ក្លឹប Stuttgart

យោងតាមរបាយការណ៍ពី Bild បានឲ្យដឹងថា Barcelona កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើវ័យ 20 ឆ្នាំ Raul Paula ដែលបច្ចុប្បន្នកំពុងលេងឲ្យឈុតទី 2 របស់ក្លឹប Stuttgart។ យ៉ាងណាមិញ កីឡាករវ័យក្មេងរូបនេះ មានទម្រង់លេងលេចធ្លោរជាខ្លាំងក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់ក្រុម។
Raul Paula មានស្ថិតិនៃការស៊ុតបញ្ចូលទីបានចំនួន 13 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង ក្នុងការបង្ហាញខ្លួន 21 ប្រកួតសម្រាប់ Stuttgart II នៅរដូវកាលនេះ។ ដោយឡែកគេបានដឹងថា សមត្ថភាពរបស់កីឡាករឆ្នើមរូបនេះ បានទទួលការពេញចិត្តជាខ្លាំងពីប្រធានក្លឹប Barcelona គឺលោក Joan Laporta។
ទន្ទឹមនឹងនេះដែរ Raul Paula ក៏មានក្ដីសុបិន ក្នុងការចង់ក្លាយជាកីឡាករម្នាក់របស់ Barcelona នាពេលអនាគតផងដែរ។ កាលពីឆ្នាំមុន មានរបាយការណ៍ខ្លះបានបញ្ចេញឲ្យដឹងថា Real Madrid ក៏ចង់បានខ្សែបម្រើរូបនេះដែរ ខណៈដែល Bayern Munich និងក្លឹបកំពូលនៅតំបន់អឺរ៉ុបមួយចំនួនទៀតសុទ្ធតែបានសង្កេតមើលពីទម្រង់លេងរបស់ Raul Paula។
ប្រភព: Telecomasia