Connect with us

បាល់ទាត់អន្តរជាតិ

Kevin De Bruyne បង្ហាញ​ពី​ជម្រើស​របស់​ខ្លួន​រវាង​លីគ​អាមេរិក MLS និង​លីគ​អារ៉ាប៊ីសាអូឌីត

Published

on

កីឡាករ​ឆ្នើម Kevin De Bruyne បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ពេញ​ចិត្ត​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់ Major League Soccer របស់​អាមេរិក ជា​ជាង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​លីគ​កំពូល​នៅ​អារ៉ាប៊ី​សាអូឌីត ប្រសិន​បើ​គាត់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន Manchester City នា​ពេល​វេលា​ណា​មួយ​នៃ​អនាគត​ខាង​មុខ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ គឺ​ជា​កីឡាករ​ដ៏​ចាស់​វស្សា​បំផុត​មួយ​រូប របស់​ក្រុម​លោក Pep Guardiola ដោយ​គាត់​បាន​ស្នាក់​នៅ Man City អស់​រយៈពេល 8 ឆ្នាំ​កន្លះ​មក​ហើយ។ De Bruyne ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែបម្រើ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ បាន​ស៊ុត​បញ្ចូលទី​បាន​សរុប 98 គ្រាប់ និង Assists ចំនួន 161 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 367 ប្រកួត​សម្រាប់ Man City។

លើស​ពី​នេះ​ទៅ​ទៀត Kevin De Bruyne បាន​ឈ្នះ​ពាន​សរុប​ចំនួន 14 ពាន​ជាមួយ Man City ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ De Bruyne ត្រូវ​បាន​គេ​ជឿថា កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ដែល​អាច​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ស្រប​ពេល​ដែល​កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ឆ្នាំ 2025។

របាយការណ៍​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​លើក​ឡើង​ថា De Bruyne អាច​នឹង​ត្រូវ​បាន​ទាក់ទាញ​ពី​ក្លឹប​នៅ Saudi Pro League ដោយ​ពួក​គេ​នឹង​ផ្ដល់​ប្រាក់​ជា​ច្រើន​ដល់​គាត់។ ផ្ទុយ​មក​វិញ De Bruyne និង​គ្រួសារ​របស់​គាត់​មិន​ចាប់​អារម្មណ៍​លើ​ការ​ស្នាក់​នៅ​​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទេ ខណៈ Man City ក៏​បើក​ចំហរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ផង​ដែរ។ ជម្រើស​មួយ​សម្រាប់ De Bruyne គឺ​ការ​ទៅ​លេង​នៅ​លីគ​អាមេរិក MLS ដែល​ជា​កន្លែង​គាត់​នឹង​ទៅ​លេង​ចុ​ងក្រោយ មុន​បញ្ចប់​អាជីព​បាល់ទាត់។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២