បាល់ទាត់អន្តរជាតិ
Kaoru Mitoma នឹងអវត្តមានពីលើទីលានប្រកួតរហូតដល់ចប់រដូវកាលនេះ!!!
តារាឆ្នើមរបស់ក្លឹប Brighton គឺកីឡាករ Kaoru Mitoma ទើបនឹងបានរងរបួសយ៉ាងធ្ងន់ធ្ងរ បើយោងតាមការអះអាងរបស់អ្នកកាសែតលោក Fabrizio Romano។ យោងតាមប្រភពដដែលនេះដែរ បានឲ្យដឹងថា របួសរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុនរូបនេះ បានធ្វើឲ្យគាត់ប្រឈមនឹងការអវត្តមានពីលើទីលានប្រកួតរយៈពេលជាច្រើនខែ។
ជាក់ស្ដែង ជាលទ្ធផលលោក Roberto De Zerbi ដែលជាគ្រូបង្វឹករបស់ Brighton ក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា “Kaoru Mitoma អាចនឹងអវត្តមានពី 2 ទៅ 3 ខែ”។ ប្រសិនបើអ្វីៗដូចការសន្និដ្ឋានទុកនោះ កីឡាករវ័យ 26 ឆ្នាំរូបនេះនឹងត្រូវអវត្តមានសម្រាប់ក្រុមរហូតដល់ចប់រដូវកាល។
សូមរំលឹកផងដែរថា Mitoma បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់គាត់នៅឆ្នាំ 2020 ជាមួយក្លឹប Kawasaki Frontale ក្នុងទឹកដីកំណើតរបស់ខ្លួន។ នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 គាត់បានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំជាមួយក្លឹបអង់គ្លេស Brighton តែពេលនោះពួកគេបានឲ្យ Mitoma ខ្ចីជើងទៅ Union SG។ បន្ទាប់មកនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2023 ទើបគាត់មកលេងនៅ Brighton ពេញលេញ និងបន្តកុងត្រាបន្ថែមទៀតជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2027។
ប្រភព: Dailysports