បាល់ទាត់អន្តរជាតិ
Brighton កំពុងសម្លឹងមើលប្រាក់ចំណេញដ៏ច្រើន ជាមួយនឹងការលក់ Kaoru Mitoma

ក្លឹប Brighton ត្រូវបានគេរាយការណ៍ថា នឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធស្លាប Kaoru Mitoma ចាកចេញពីពួកគេ ប្រសិនបើមានការដាក់ដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់មួយអាចទទួលយកបានកើតឡើង។ ទន្ទឹមនឹងនេះដែរ Brighton មិនខ្វល់ថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅមានកុងត្រារយៈពេលវែងជាមួយពួកគេក៏ដោយ។
កីឡាករវ័យ 26 ឆ្នាំដែលមកពីតំបន់អាស៊ីរូបនេះ ត្រូវបានគេដឹងថា បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីរយៈពេល 5 ឆ្នាំបន្ថែមទៀតជាមួយក្លឹប Brighton ដែលការបន្តកុងត្រាថ្មីនោះកើតឡើងក្នុងពេលជាមួយគ្នានឹង ការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនមកលើ Kaoru Mitoma។
ក្លឹបបិសាចក្រហម Manchester United និង Manchester City កំពុងពិចារណាលើការដាក់សំណើរផ្ទេរតារាឆ្នើមសញ្ជាតិជប៉ុនរូបនេះនៅខែមករាខាងមុខ ខណៈដែលក្លឹបបីផ្សេងទៀតដូចជា Arsenal, Chelsea និង Liverpool ក៏ចង់បាន Mitoma ដូចគ្នា។
យោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា ការបន្តកុងត្រាថ្មីរបស់ Kaoru Mitoma មិនមែនបញ្ជាក់ពីការស្នាក់នៅ Brighton រយៈពេលយូរបន្តទៀតនោះទេ ដោយក្លឹបមួយនេះនឹងលក់រូបគេចេញ ប្រសិនបើមានសំណើរដេញថ្លៃជាទំហំទឹកប្រាក់សមតាមបំណងដែលគេចង់បាន។ Brighton ចង់បានប្រាក់ចំណេញ ជាងការរក្សាទុកកីឡាករ ហើយ Mitoma អាចមានតម្លៃប្រហែល 70 លានផោន ស្របពេលដែលពួកគេបានទិញយកកីឡាករវ័យ 26 ឆ្នាំរូបនេះត្រឹមតែ 2.5 លានផោន ប៉ុណ្ណោះពីក្លឹបក្នុងប្រទេសជប៉ុន Kawasaki Frontale កាលពីខែសីហា ឆ្នាំ 2021។
ប្រភព: Sportsmole