បាល់ទាត់អន្តរជាតិ
Olivier Giroud មិនមានគម្រោងបន្តកុងត្រាថ្មីជាមួយ AC Milan និងចង់ចាកចេញទៅលេងនៅទឹកដីអាមេរិក
កុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធក្លឹប AC Milan និងជាកីឡាករក្រុមជម្រើសជាតិបារាំង Olivier Giroud នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះ ហើយកីឡាករផ្ទាល់មិនមានចេតនាចង់បន្តកុងត្រាថ្មីឡើយ។ យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា Giroud ចង់ចាកចេញពីទឹកដីអ៊ីតាលី ដោយផ្ទេរទៅលីគ MLS របស់អាមេរិក។
គេបានដឹងថា Olivier Giroud កំពុងត្រូវបានទាក់ទាញដោយក្លឹបចំនួន 2 នៅ MLS សហរដ្ឋអាមេរិក។ យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងចូលរួមជាមួយក្លឹបមួយក្នុងចំណោមក្លឹប New York City រឺក្លឹប Los Angeles។ ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ ប៉ុន្តែទំនងជានឹងចាកចេញពី AC Milan ដោយគ្មានតម្លៃខ្លួននាចុងបញ្ចប់នៃរដូវកាលខាងមុខ។
គួរដឹងផងដែរថា Olivier Giroud បានរស់នៅក្នុងទ្រនំជាមួយ AC Milan រយៈពេល 3 រដូវកាលមកហើយ បន្ទាប់ពីបានផ្ទេរពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ 2.85 លានអឺរ៉ូ។ គាត់ក៏ធ្លាប់ជាកីឡាករដែលលេងនៅអង់គ្លេសជោគជាំផងដែរដោយចំណាយពេល 4 ឆ្នាំជាមួយតោខៀវ និង 6 ឆ្នាំជាមួយ Arsenal។
ប្រភព: Dailysports