បាល់ទាត់អន្តរជាតិ
Real Madrid ចូលប្រជែងជាមួយ PSG និង Chelsea ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន
នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយបានលើកឡើងថា ក្លឹបអធិរាជស Real Madrid មានបំណងចុះហត្ថលេខាផ្ទេរកីឡាករវ័យក្មេងដ៏មានទេពកោសល្យមួយរូបដែលកំពុងលេចធ្លោរខ្លាំងនៅលីគកំពូលនៃប្រទេសអាហ្សង់ទីន។ កីឡាករឆ្នើមរូបនោះមានឈ្មោះថា Franco Mastantuono។
យ៉ាងណាមិញ Franco Mastantuono មានវ័យទើបតែ 16 ឆ្នាំប៉ុណ្ណោះ និងលេងឲ្យក្លឹប River Plate ក៏ដូចជាឈុតយុវជនរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។ ថ្វីត្បិតតែខ្សែបម្រើរូបនេះនៅក្មេងក៏ពិតមែន ប៉ុន្តែបើយោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ក្លឹប River Plate បានកំណត់លក់គេរហូតដល់ 45 លានអឺរ៉ូឯណោះ។
តម្លៃខ្លួនរបស់ Franco Mastantuono ខ្ពស់ស្ទើរមិនគួរឲ្យជឿ ប៉ុន្តែនេះប្រហែលជាដោយសារតែមានក្លឹបធំជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លឹប River Plate បានចំណូលច្រើនពីការលក់កីឡាករក្នុងស្រុករបស់ពួកគេ ជាពិសេសគឺការផ្ទេរ Enzo Fernandez ទៅ Benfica ហើយឥឡូវនេះ Franco Mastantuono ក៏ប្រហែលអាចលក់ចេញក្នុងតម្លៃមិនតិចជាង 44.3 លានអឺរ៉ូដែរ។ ពួកគេក៏ទើបនឹងលក់កីឡាករវ័យក្មេងម្នាក់ទៀតដែរគឺ Claudio Echeverri ដែលចូលរួមជាមួយ Manchester City ក្នុងតម្លៃ 14.5 លានអឺរ៉ូ។
ប្រភព: Dailysports