បាល់ទាត់អន្តរជាតិ
Toni Kroos ប្រាប់មូលហេតុដែលខ្លួនសម្រេចចិត្តនិវត្តន៍ពីបាល់ទាត់ នៅក្នុងវ័យ 34 ឆ្នាំ
ខ្សែបម្រើឆ្នើម Toni Kroos របស់ក្លឹបអធិរាជស Real Madrid និងជាកីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ បានបង្ហើបពីមូលហេតុដែលគាត់សម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន បន្ទាប់ពីចប់ព្រឹត្តិការណ៍នៃការប្រកួតជើងឯកតំបន់អឺរ៉ុប (Euro) ឆ្នាំ 2024 ឆាប់ៗខាងមុខ។
យ៉ាងណាមិញ Kroos បាននិយាយប្រាប់ទៅកាន់ Marca ថា៖ “ខ្ញុំមិនចង់មានអារម្មណ៍រងចាំរហូតដល់អ្នកជុំវិញខ្ញុំត្រូវមកប្រាប់ខ្ញុំថា ខ្ញុំលេងលែងកើតហើយនោះទេ រឺខ្ញុំនឹងត្រូវអង្គុយនៅកៅអីបម្រុងសម្រាប់ 2, 3 ឆ្នាំទៀតដែរ។ ចំណុចខ្លះ វាមិនសមនឹងកើតឡើងលើអាជីពបាល់ទាត់របស់ខ្ញុំទេ ដូច្នេះខ្ញុំរីករាយដែលខ្ញុំអាចជៀសវាងរឿងទាំងអស់នេះ”។
គួររំលឹកផងដែរថា កាលពីថ្ងៃទី 21 ខែឧសភា កន្លងទៅ Toni Kroos បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់។ ខ្សែបម្រើរូបនេះ បានលេងឲ្យ Real Madrid តាំងពីឆ្នាំ 2014 ហើយសរុបមកទល់នឹងពេលនេះ គាត់លេងប្រកួតសរុបរហូតដល់ 463 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 28 គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 98 ដង។
ប្រភព: Telecomasia