បាល់ទាត់អន្តរជាតិ
Julian Alvarez បដិសេធពាក្យចចាមអារ៉ាមដែលថា គាត់នឹងចាកចេញពី Man City

កីឡាករឆ្នើម Julian Alvarez បានបដិសេធពាក្យចចាមអារ៉ាមដែលថា គាត់កំពុងស្វែងរកការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Manchester City។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានបញ្ជាក់ថា គាត់មានក្ដីសុខ និងរីករាយជាមួយអាជីពបាល់ទាត់របស់ខ្លួននៅក្នុងទឹកដីអង់គ្លេស។
យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យទាំង 2 រដូវកាលជាប់ៗគ្នា គិតចាប់តាំងពីបានចូលរួមជាមួយ Man City។ ក្នុងរដូវកាលកាលដំបូង 2022-2023 គាត់បានស៊ុតបញ្ចូលទី 17 គ្រាប់ និងបានឈ្នះពាន 3 ជាមួយក្លឹប។ បន្តមកទៀត នៅរដូវកាលមុនដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ គាត់រកបាន 19 គ្រាប់ និងបានឈ្នះពាន Premier League ផងដែរ។
ទោះបីត្រឹមជាជម្រើសបម្រុងក្រោយម្ចាស់ស្បែកជើងមាស Erling Haaland ក៏ដោយ ប៉ុន្តែមានតែកីឡាករ 7 រូបប៉ុណ្ណោះរបស់ Manchester City ដែលចូលលេងបានច្រើននាទីជាង Julian Alvarez កាលពីរដូវកាលមុន។ នៅក្នុងបទសម្ភាសន៍ជាមួយ ESPN ខ្សែប្រយុទ្ធកណ្ដាលរូបនេះបាននិយាយថា៖ “ទាំងនេះ គឺគ្រាន់តែជាអ្វីដែលគេបាននិយាយ ប៉ុន្តែខ្ញុំពេញចិត្ត ខ្ញុំមានអារម្មណ៍សុខស្រួល និងសប្បាយចិត្តនៅ Man City។ យើងនឹងរងចាំមើលទាំងអស់គ្នា ថានឹងមានអ្វីកើតឡើង”។
ប្រភព: Sportsmole