បាល់ទាត់អន្តរជាតិ
ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Ittihad កំពុងត្រៀមចរចានាំយកគ្រូបង្វឹកក្រូអាតទៅដឹកនាំ

លោក Zlatko Dalic ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត អាចនឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីនៅក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីត។ ក្លឹប Al-Ittihad កំពុងបង្ហាញការចាប់អារម្មណ៍លើ Zlatko Dalic ហើយសង្ឃឹមថា នឹងអាចធ្វើការចរចាបានសម្រេចជាមួយគ្រូបង្វឹកឆ្នើមរូបនេះក្នុងពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ចុះបញ្ចូលគាត់ប្រហែលជាពិបាក ព្រោះថាក្រុមជម្រើសជាតិក្រូអាត គឺជាអាទិភាពសំខាន់របស់គាត់។ ដូច្នេះហើយលុះត្រាណាតែគាត់ផុតកុងត្រា រឺត្រូវបានគេបណ្ដេញពីតំណែងជាគ្រូបង្វឹកក្រូអាតប៉ុណ្ណោះ ទើប Zlatko Dalic អាចនឹងពិចារណាធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
គ្រូបង្វឹករបស់ក្លឹប Al-Ittihad បច្ចុប្បន្នគឺលោក Marcelo Gallardo ត្រូវបានគេរំពឹងថា គាត់នឹងចាកចេញពីក្លឹបអារ៉ាប៊ីសាអូឌីតនាពេលឆាប់ៗនេះ។ កាលពីរដូវកាលមុន Al-Ittihad បានបញ្ចប់ចំណាត់ថ្នាក់លេខ 5 ក្នុងលីគអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមបេក្ខភាពដែលអាចមកជំនួសតំណែងរបស់ Marcelo Gallardo ក៏មានអតីតគ្រូបង្វឹកក្លឹប AC Milan លោក Stefano Pioli ផងដែរ។
ប្រភព: Dailysports