បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Chelsea ប្រកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធ Marc Guiu

កាលពីម្សិលមិញនេះ ក្លឹបតោខៀវ Chelsea បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ថា ពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Marc Guiu របស់ Barcelona ជាមួយនឹងការចុះកុងត្រារយៈពេលវែង។ យ៉ាងណាមិញ សម្រាប់ Marc Guiu គាត់មិនមែនជាខ្សែប្រយុទ្ធជម្រើសដំបូងរបស់ Barcelona ឡើយ បើទោះបីជាគាត់មានទម្រង់លេងល្អ ដែលអាចទទួលយកបានក៏ដោយ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ក្លឹប Barcelona ផ្ទាល់តែម្ដង និងត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាលើកដំបូងកាលពីរដូវកាលមុន (2023–2024) ប៉ុន្តែគាត់បានបង្ហាញខ្លួនក្នុងការប្រកួតសរុបត្រឹមតែ 3 ដងប៉ុណ្ណោះ ខណៈដែលការប្រកួតដំបូងរបស់ Marc Guiu គឺលេងទល់នឹងក្លឹប Granada នៅក្នុងការប្រកួតក្របខណ្ឌ La Liga។
កន្លងមក Marc Guiu ធ្លាប់បានបង្ហាញភាពលេចធ្លោរមួយ ដោយគាត់បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងព្រឹត្តិការណ៍ UEFA Euro U-17 កាលពីរដូវក្តៅឆ្នាំ 2023។ គាត់ក៏ជាកីឡាករដែលត្រូវបានកោះហៅឲ្យលេងតំណាងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតនានារបស់យុវជន U-19 ផងដែរ ក្នុងរដូវកាល 2023-2024។
ប្រភព: Chelseafc