បាល់ទាត់អន្តរជាតិ
អបអរគ្រាប់បាល់ខុសប្រក្រតី ពេលនេះខ្សែការពារ Demiral ត្រូវពិន័យមិនឲ្យចូលលេង 2 ប្រកួត

ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិទួរគីគឺកីឡាករ Merih Demiral នឹងខកខានការប្រកួត Euro 2024 វគ្គ 8 ក្រុមចុងក្រោយ ដែលជាការប្រកួតទល់នឹងក្រុមជម្រើសជាតិហូឡង់។ យ៉ាងណាមិញ UEFA បានសម្រេចពិន័យ Demiral ចំនួន 2 ប្រកួត ដោយសារតែការអបអរគ្រាប់បាល់របស់គាត់ នៅក្នុងការប្រកួតវគ្គ 16 ក្រុម ទល់នឹងអូទ្រីស។
គួររំលឹកផងដែរថា បន្ទាប់ពីរកបានគ្រាប់បាល់ 2 គ្រាប់របស់ខ្លួន ខ្សែការពារ Merih Demiral បានធ្វើកាយវិការនៅលើម្រាមដៃរបស់គាត់ដែលគេសម្គាល់ថា នោះជាសញ្ញានៃ “ការសំពះរបស់ឆ្កែចចក” ដែលទាក់ទងនឹងក្រុមជ្រុលនិយមមួយនៅក្នុងប្រទេសទួរគី។ ក្រុមជ្រុលនិយមនេះដែរ ត្រូវបានប្រទេសជាច្រើន រួមទាំងប្រទេសអូទ្រីស និងអាឡឺម៉ង់ ផងដែរ ចាត់ទុកថាជាពួកហ្វាស៊ីស។
ដោយឡែកក្រសួងការបរទេសទួរគី បានសម្តែងការមិនពេញចិត្ត ចំពោះការស៊ើបអង្កេតរបស់ UEFA លើសកម្មភាពរបស់កីឡាកររូបនេះ។ យ៉ាងណាអ្វីៗបានសម្រេចរួចហើយ ដូច្នេះ Merih Demiral នឹងមិនមានវត្តមាននៅក្នុងការប្រកួតទល់នឹងហូឡង់ នៅថ្ងៃទី 7 ខាងមុខនេះទេ។ ដូចគ្នានេះដែរ ប្រសិនបើទួរគី មានឱកាសឡើងទៅវគ្គបន្ទាប់ នោះគេនឹងខកខានការប្រកួតនោះម្ដងទៀត។
ប្រភព: Dailysports