បាល់ទាត់អន្តរជាតិ
លោក Jurgen Klopp រិះគន់ការផ្ដល់បាល់ប៉េណាល់ទីទៅឲ្យ Arsenal ក្នុងការប្រកួតកាលពីម្សិលមិញនេះ
គ្រូបង្វឹករបស់ក្លឹបហង្សក្រហមលោក Jurgen Klopp មិនសប្បាយចិត្តជាមួយនឹងការដឹកនាំក្រុមរបស់ខ្លួនចាញ់ Arsenal 3-2 កាលពីថ្ងៃអាទិត្យម្សិលមិញនេះឡើយ ហើយលោកបានធ្វើការរិះគន់ថា បាល់ប៉េណាល់ទីចុងក្រោយដែលធ្វើឲ្យក្លឹបកាំភ្លើងធំឈ្នះនោះ មិនគួរត្រូវបានអាជ្ញាកណ្ដាលផ្ដល់ឲ្យនោះឡើយ។

ដោយឡែកក្លឹបហង្សក្រហម Liverpool បានព្យាយាមរកគ្រាប់បាល់ដើម្បីតាមស្មើ បន្ទាប់ពី Bukayo Saka ស៊ុតចូលទីគ្រាប់បាល់ទីពីរនៅនាទីទី 45+5។ ការព្យាយាមបានសម្រេច ដោយក្រុមរបស់លោក Jurgen Klopp បានរកគ្រាប់បាល់ទីពីរ និងបានតាមស្មើក្រុមម្ចាស់ផ្ទះ នៅនាទីទី 53 ដោយខ្សែប្រយុទ្ធ Roberto Firmino។

ការប្រកួតកាន់តែខិតដល់ចុងបញ្ចប់ នៅនាទីទី 76 ខ្សែប្រយុទ្ធ Bukayo Saka បានស៊ុតមួយគ្រាប់ចុងក្រោយ ដែលជាបាល់ប៉េណាល់ទី បន្ទាប់ពីអាជ្ញាកណ្ដាលរកឃើញកំហុសរបស់ Thiago Alcantara ដែលបានទាត់ប៉ះជើងរបស់ Gabriel Jesus បន្តិច នៅក្នុងតំបន់គ្រោះថ្នាក់។

ទាក់ទងនឹងបាល់ប៉េណាល់ទីនេះដែរ ក្រោយការប្រកួតបញ្ចប់ទៅ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានលើកឡើងថា វាជាការប៉ះបន្តិចបន្តួចដែលមិនសមនឹងពិន័យទេ។ ដូចគ្នានេះដែរ ប្រកួតបន្ទាប់នៅក្នុងក្របខណ្ឌ Premier League ក្លឹបហង្សក្រហមនឹងត្រូវធ្វើការធ្ងន់បន្តទៀតដោយត្រូវជួបជាមួយនឹងក្លឹប Manchester City ខណៈដែលពេលនេះ Trent Alexander-Arnold និង Luis Diaz ទើបតែទទួលរងរបួស។
ប្រភព: Metro
