បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមចុះហត្ថលេខាលើ Rafael Leao មកជំនួសតំណែងរបស់ Cristiano Ronaldo

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងជិតស្និទ្ធទៅលើស្ថានភាពនៃកុងត្រារបស់ Rafael Leao ជាមួយក្លឹប AC Milan។ យ៉ាងមិញកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះនៅ San Siro នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2024។
របាយការណ៍ថ្មីៗចុងក្រោយនេះបានអះអាងថា ក្លឹប AC Milan កំពុងរៀបចំបើកការពិភាក្សាចរចាជាមួយអ្នកតំណាងរបស់ Rafael Leao និងបញ្ចុះបញ្ចូលគាត់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេលវែងជាមួយក្លឹប។
ទោះបីជាយ៉ាងណាក៏ដោយ នៅខណៈពេលនេះមានក្លឹបធំៗពីរកំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Rafael Leao។ ក្លឹបតោខៀវ Chelsea គឺជាក្លឹបដំបូងគេដែលចង់បាន Rafael Leao ហើយពួកគេនៅតែចិញ្ចឹមចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។
ជាមួយគ្នានេះដែរបើយោងតាម The Mirror បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ក៏ចង់បាន Rafael Leao ជាខ្លាំងផងដែរ ហើយពួកគេកំពុងដាក់ការតាមដានយ៉ាងដិតដល់ដើម្បីទទួលបានឱកាសក្នុងការនាំយកតារាឆ្នើមរូបនេះមក Old Trafford។ ក្លឹបបិសាចក្រហម មានចំណងនាំយក Rafael Leao មកជំនួសកន្លែងរបស់ Cristiano Ronaldo ដែលអាចនឹងចាកចេញទៅលេងនៅអាមេរិច ក្នុងខែមករាខាងមុខនេះ។
ប្រភព: Sportsmole