បាល់ទាត់អន្តរជាតិ
Atletico Madrid អាចនឹងលក់ Joao Felix នៅខែមករាខាងមុខនេះ

ខ្សែប្រយុទ្ធស្លាប Joao Felix ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Atletico Madrid ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។
Joao Felix ផ្លាស់ទៅកាន់ទឹកដី Wanda Metropolitano ក្នុងឆ្នាំ 2019 ជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃផ្ទេរ 113 លានផោន ដែលនោះជាតម្លៃថ្លៃបំផុតទី 4 ក្នុងប្រវត្តិសាស្ត្រទិញលក់កីឡាករ។ ជាមួយគ្នានេះដែរ Atletico Madrid មានការរំពឹងទុកខ្ពស់ថា កីឡាករវ័យ 23 ឆ្នាំរូបនេះនឹងជួយដល់ការអភិវឌ្ឍទម្រង់លេងរបស់ក្លឹប។
ទោះបីជាបានជួយ Atletico Madrid ឲ្យឈ្នះពាន La Liga អំឡុងឆ្នាំ 2020-2021 ក៏ដោយ ក៏កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមិនឈានដល់កម្រិតនៃការចង់បានរបស់ក្លឹបឡើយ។ គិតមកទល់នឹងពេលនេះ Joao Felix រកបានត្រឹមតែ 29 គ្រាប់ និង 18 Assists ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប 123 ប្រកួត។
យោងតាម A Bola បានរាយការណ៍ថា ទំនាក់ទំនងរវាងកីឡាករ Joao Felix ជាមួយនឹងលោក Diego Simeone ដែលជាគ្រូបង្វឹក កំពុងស្ថិតក្នុងភាពល្អក់កករ ហើយកីឡាកររូបនេះចង់ចាកចេញនៅខែមករាខាងមុខ។ យ៉ាងណា Felix នៅមានកុងត្រាជាង 3 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ពាក់ព័ន្ធនឹងរឿងនេះដែរក្លឹប Atletico Madrid ក៏មិនចង់រក្សាទុក Joao Felix បន្តទៀតដែរ។ Atletico Madrid មិនរំពឹងថា ពួកគេអាចលក់កីឡាកររូបនេះចេញបានក្នុងតម្លៃខ្ពស់ដូចកាលដែលពួកគេចុះហត្ថលេខាលើគាត់កាលពីឆ្នាំ 2019 ឡើយ។ ដូច្នេះប្រសិនបើមានក្លឹបណាមួយដេញថ្លៃក្នុងតម្លៃដែលពួកគេអាចទទួលយកបាន នោះពួកគេនឹងអនុញ្ញាតឲ្យ Felix ចាកចេញ។
ប្រភព: Sportsmole