បាល់ទាត់អន្តរជាតិ
Zlatan Ibrahimovic ប្រាប់ថា ព្រោះតែ Messi គាត់ចង់ឲ្យអាហ្សង់ទីនឈ្នះពាន World Cup
មុនការប្រកួតវគ្គផ្ដាច់ព្រ័ត World Cup ដែលនឹងមកដល់នៅថ្ងៃស្អែកនេះរវាងក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីន ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic បាននិយាយថា ខ្លួនចង់ឃើញអតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi ឈ្នះពាននេះជាលើកដំបូងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
ដោយឡែក Zlatan Ibrahimovic និង Lionel Messi ធ្លាប់បានលេងជាមួយគ្នាបានតែមួយរដូវកាលប៉ុណ្ណោះនៅ Barcelona កំឡុងឆ្នាំ 2009 និង 2010 ប៉ុន្តែពួកគេបានរក្សាភាពស្និទ្ធស្នាលចាប់តាំងពីពេលនោះមក បើទោះបីជាកីឡាករសញ្ជាតិស៊ុយអែតរូបនេះបានចាកចេញពី Camp Nou ទៅចូលរួមជាមួយ AC Milan ហើយបច្ចុប្បន្ន Lionel Messi បានផ្ទេរទៅក្លឹបយក្សបារាំង PSG ក៏ដោយ។
ថ្វីត្បិតតែបច្ចុប្បន្ន Zlatan Ibrahimovic មានវ័យ 41 ឆ្នាំហើយក្ដី ប៉ុន្តែគាត់នៅតែប្រកបអាជីពជាកីឡាករបាល់ទាត់ និងបន្តលេងឲ្យក្លឹប AC Milan ផងដែរ។ ថ្មីៗនេះ Zlatan Ibrahimovic ត្រូវបានទំព័របាល់ទាត់ 433 សួរថាតើគាត់ចង់ឲ្យប្រទេសណាឈ្នះពាន World Cup នៅកាតា។ ពេលនោះគាត់បានតបថា៖ “ខ្ញុំសង្ឃឹមថាអាហ្សង់ទីនឈ្នះ World Cup ហើយហេតុផលគឺដោយសារតែ Messi”។
ប្រភព: Football-espana