Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid វាយបក​ទម្លាក់ Man City និង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត UCL (មានវីដេអូ)

Published

on

ក្លឹប​ស្ដេចស Real Madrid នឹង​ត្រូវ​ជួប​ជាមួយ​ហង្សក្រហម Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2021/2022 នេះ បន្ទាប់​ពី​ពួកគេ​បាន​បញ្ចប់​លទ្ធផល​ដែល​មិន​គួរ​ឲ្យ​ជឿ ក្នុង​ការ​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Manchester City 3 ទល់នឹង 1 កាល​ពី​យប់​មិញ។

Real Madrid នៅ​តែ​ជា​ក្រុម​ខ្លាំង ដែល​អាច​វាយបក​យក​ឈ្នះ​នៅ​ការ​ប្រកួត​ជើង​ទីពីរ ខណៈ​ដែល​កាល​ពី​ប្រកួត​ជើង​ទី​មួយ ពួក​គេ​បាន​ចាញ់ Manchester City លទ្ធផល 3 ទល់នឹង 4។ ប៉ុន្តែ​នៅ​ការ​ប្រកួត​ជើង​ទីពីរ​នេះ ពួក​គេ​បាន​បំបាក់ Manchester City ជា​មួយ​នឹង​លទ្ធផល​​សរុប​​ទាំង​ពីរ​ជើង 6 ទល់នឹង 5។

ចាប់​ផ្ដើម​ការ​ប្រកួត ពេញ​តង់​ទី​មួយ រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ប៉ុន្តែ​ក្នុង​តង់ទី 2 ពី ខ្សែ​ប្រយុទ្ធស្លាប Riyad Mahrez បាន​ស៊ុត​មួយ​គ្រាប់​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ Man City កាន់​តែ​កក់ក្ដៅ ក្នុង​ដំណើរ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត។

ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង Rodrygo ដែល​ទើប​នឹង​ប្ដូរ​ចូល​នៅ​នាទីទី 68 បាន​ស៊ុត​ពីរ​គ្រាប់​ម្នាក់​ឯង នៅ​នាទីទី 90 និង​នាទីទី 90+1 ដែល​ធ្វើ​ឲ្យ​លទ្ធផល​សរុប​របស់​ក្រុម​ទាំង​ពីរ​ស្មើរ​គ្នា និង​ត្រូវ​ប្រកួត​បន្ថែម​ម៉ោង 15 នាទី​ពីរ​ដង។

ក្នុង​ម៉ោង​បន្ថែម 15 នាទី​លើក​ទី​មួយ ខ្សែការពារ Ruben Dias បាន​បង្ករ​កំហុស​ធ្វើ​ឲ្យ​មាន​បាល់​ពិន័យ 11 ម៉ែត្រ។ ពេល​នោះ Karim Benzema បាន​ស៊ុត​បាល់​ពិន័យ ដ៏​ល្អ​ឥត​ខ្ចោះ នៅ​នាទីទី 95។ Real Madrid ឈ្នះ​គ្រាប់​បាល់ Man City មួយ​គ្រាប់ ដោយ​លទ្ធផល​នោះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។ ដូច្នេះ Real Madrid នឹង​ត្រូវ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត។

ប្រសិន​បើ Real Madrid អាច​យក​ឈ្នះ Liverpool ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត នោះ​ពួក​គេ​នឹង​អាច​លើក​ពាន​ធំៗ​ពីរ​ក្នុង​មួយ​រដូវកាល ព្រោះ Real Madrid បាន​លើក​ពាន La Liga ដែល​ជា​ពាន​ក្នុង​លីគ​របស់​ខ្លួន​រួច​ហើយ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម​នេះ

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២