បាល់ទាត់អន្តរជាតិ
Sergi Roberto ចាកចេញពី Barcelona ប៉ុន្តែនឹងចូលរួមជាមួយក្លឹបមួយនៅអេស្ប៉ាញ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003941-1.jpg)
អនាគតរបស់ខ្សែការពារ Barcelona គឺកីឡាករ Sergi Roberto ដែលជាកីឡាករចាស់វស្សារបស់ក្លឹប នឹងចាកចេញពី Camp Nou នាពេលឆាប់ៗខាងមុខ។ ខ្សែការពារវ័យ 32 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹបកាតាឡាន់ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ប៉ុន្តែគាត់ប្រហែលជាមិនចាកចេញពីទឹកដីអេស្ប៉ាញឡើយ។
យោងតាមរបាយការណ៍ពីលោក Matteo Moretto បានឲ្យដឹងថា មានក្លឹបអេស្ប៉ាញមួយចំនួន កំពុងតម្រង់ជួរសម្រាប់ការចរចាចង់ចុះហត្ថលេខាលើ Sergi Roberto។ ក្លឹបដែលចង់បានកីឡាករឆ្នើមរូបនេះមានដូចជា Girona, Valencia និង Sevilla។ ប៉ុន្តែបើយោងតាមរបាយការណ៍ផ្សេងមួយទៀត បានលើកឡើងថា ក្លឹបនៅព័រទុយហ្គាល់ FC Porto ក៏ពេញចិត្តនឹង Sergi Roberto ដែរ។
គួរដឹងផងដែរថា Sergi Roberto គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Barcelona ហើយបានប្រូម៉ូតឡើងមកលេងឲ្យក្រុមឈុតធំដំបូងចាប់តាំងពីឆ្នាំ 2013។ ខ្សែការពារវ័យ 32 ឆ្នាំរូបនេះបានលេងសរុប 373 ប្រកួតឲ្យ Barcelona ហើយគាត់មិនដែលចាកចេញទៅក្លឹបណាផ្សេងឡើយ។
ប្រភព: Dailysports