បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ត្រៀមនាំយកខ្សែប្រយុទ្ធវ័យ 19 របស់ Red Bull Salzburg
ក្លឹបបិសាចក្រហម Manchester United បានធ្វើការពិភាក្សាលើការផ្ទេរដ៏មានសក្តានុពលមួយ សម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Red Bull Salzburg គឺកីឡាករ Benjamin Sesko ខណៈដែលពួកគេគិតថា កីឡាកររូបនេះនឹងអាចរ៉ាប់រងតួនាទីជំនួស Cristiano Ronaldo បាន។
យ៉ាងណាមិញ Ronaldo នៅតែព្យាយាមស្វែងរកវិធីចាកចេញពី Old Trafford ឲ្យបានមុនពេលដែលកុងត្រារបស់គាត់ជាមួយបិសាចក្រហមដល់ថ្ងៃផុតកំណត់។
ដោយឡែកមិនថាតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅ រឺទៅក៏ដោយ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហមលោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់បានជម្រើសខ្សែប្រយុទ្ធបន្ថែមទៀតលើខ្សែប្រយុទ្ធបច្ចុប្បន្នដែលក្លឹបកំពុងមាន ហើយក្លឹបខ្វះខាតខ្សែប្រយុទ្ធម្នាក់តាំងពីការចាកចេញរបស់ Edinson Cavani មកម្ល៉េះ។
របាយការណ៍ពី Athletic បានឲ្យដឹងថា ក្លឹបបិសាចក្រហមបានពិភាក្សាលើការផ្ទេរ Benjamin Sesko ដែលមានអាយុទើបតែ 19 ឆ្នាំប៉ុណ្ណោះ ទោះបីគុណភាពលេងមិនល្អខ្លាំង ប៉ុន្តែកីឡាកររូបនេះអាចនឹងមានភាពដុះដាលទៅថ្ងៃមុខ។
សម្រាប់ក្លឹប Red Bull Salzburg គឺពួកគេមិនមានបំណងចង់លក់ខ្សែប្រយុទ្ធវ័យជំទង់រូបនេះទាល់តែសោះ ដូច្នេះប្រហែលជាពួកគេនឹងដាក់តម្លៃថ្លៃសម្រាប់ Benjamin Sesko ហើយធ្វើឲ្យក្លឹបបិសាចក្រហមត្រូវការពិចារណាបន្តទៀត។
ប្រភព: Metro