បាល់ទាត់អន្តរជាតិ
Thierry Henry ជម្រុញឲ្យ Christian Pulisic ពិចារណាចាកចេញពី Chelsea
អតីតខ្សែប្រយុទ្ធដែលធ្លាប់មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើននៅ Premier League លោក Thierry Henry បានប្រាប់ ខ្សែប្រយុទ្ធ Christian Pulisic ឲ្យពិចារណាចាកចេញពីក្លឹប ព្រោះរូបគេមើលទៅដូចជាមិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹកថ្មីលោក Graham Potter ឡើយ។
ដោយឡែកកីឡាករសញ្ជាតិអាមេរិក Christian Pulisic ដែលបច្ចុប្បន្នមានវ័យ 24 ឆ្នាំរូបនេះបានបន្តបាត់បង់ឱកាសបង្ហាញសមត្ថភាពនៅលើទីលាន បើទោះបីជាលោក Thomas Tuchel ត្រូវបានបណ្តេញចេញពីតំណែងក៏ដោយ។ គាត់មិនទាន់បានក្លាយជាជម្រើស 11 នាក់ដំបូងឡើយ នៅបីប្រកួតចុងក្រោយ ចាប់តាំងពី Graham Potter ចូលមកដឹកនាំមក។
ជាមួយគ្នានេះដែរ នៅក្នុងរជ្ជកាលនៃការដឹកនាំរបស់លោក Thomas Tuchel ខ្សែប្រយុទ្ធ Christian Pulisic ធ្លាប់បានសារភាពដោយបើកចំហថា គាត់មានការខកចិត្តជាមួយក្លឹប ដែលមិនសូវផ្ដល់ឱកាសនៃការប្រកួតដល់គាត់។
ដោយមើលឃើញបែបនេះ Thierry Henry ក៏បានលើកឡើងថា Christian Pulisic ត្រូវធ្វើជាខ្លួនឯង និងមិនចាំបាច់រងចាំឱកាសដែលក្លឹបប្ដូរគ្រូបង្វឹកពីមួយទៅមួយឡើយ។ Pulisic ត្រូវតែបង្ហាញសមត្ថភាពឲ្យបានលេចធ្លោរ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ World Cup ចុងឆ្នាំនេះជាមួយក្រុមជម្រើសជាតិអាមេរិចរបស់គាត់។
ប្រភព: Dailypost NG