Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម ជូន​ដំណឹង​ដល់ Harry Maguire ឲ្យ​ស្វែងរក​ទ្រនំ​ថ្មី

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ទៅ​កាន់​ខ្សែការពារ Harry Maguire ថា ពួក​គេ​គ្រោង​នឹង​លក់​គាត់​ចេញ​នៅ​ឆ្នាំ​ក្រោយ។ យ៉ាងណា​កីឡាករវ័យ 29 ឆ្នាំ​រូបនេះ​បាន​រក្សាតំណែង​ជា​ប្រធាន​ក្រុម​ដដែល​នៅ​រដូវកាល​នេះ។

បន្ទាប់​ពី​ការ​មក​ដល់​នៃ​គ្រូ​បង្វឹក​ថ្មី​លោក Erik ten Hag បាន​ធ្វើ​ឲ្យ Harry Maguire លែង​ក្លាយ​ជា​ជម្រើស​ដំបូង ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​សីហា​មក​ម្ល៉េះ ដោយ​គ្រូ​បង្វឹក​បាន​ប្រើប្រាស់ Lisandro Martinez និង Raphael Varane ជា​ជម្រើស​ដំបូង ក្នុង​ការ​លេង​តំណែង​ជា​ខ្សែការពារ​កណ្ដាល។ ទន្ទឹម​នឹង​នេះ​ដែរ Victor Lindelof ក៏​ជា​ជម្រើស​មួយ​ដែលនៅ​ពី​មុខ Harry Maguire ដែរដោយ​លោក Ten Hag បាន​ចាត់​ទុក​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ជាជម្រើស​ទីបួន​ឯណោះ។

Maguire នឹង​លេង​តំណាង​ឲ្យ​ប្រទេស​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ ប៉ុន្តែ​អនាគត​របស់​គាត់​នៅ Old Trafford គឺ​មិន​ច្បាស់​លាស់​ឡើយ ទោះ​បី​ជា​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នៅ​សល់​រយៈពេល 3 ឆ្នាំ​ទៀត​ក៏​ដោយ។

យោងតាម​អ្នក​កាសែត​អ៊ីតាលី Rudy Galetti បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​កណ្តាល Harry Maguire ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា ក្លឹប​គ្រោង​នឹង​លក់​គាត់​នៅ​ឆ្នាំ 2023។ ដូចគ្នា​នេះ​ដែរ​លោក Galetti បាន​អះអាង​ថា អតីត​ក្លឹប​ចាស់ Leicester City កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​រូប​នេះ ដើម្បី​នាំ​យក​គាត់​ទៅ​កាន់​ទឹកដី King Power វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២