បាល់ទាត់អន្តរជាតិ
Dani Ceballos បដិសេធមិនចង់ចាកចេញទៅទឹកដី Premier League

ខ្សែបម្រើ Dani Ceballos ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើរនៃការចង់បានពីក្លឹបមួយចំនួននៅ Premier League ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានព្យាយាមដើម្បីបន្តអាជីពនៅទឹកដីអេស្ប៉ាញ និងចង់បន្តកិច្ចព្រមព្រៀងកុងត្រាថ្មីនៅ Real Madrid។
កីឡាករវ័យ 26 ឆ្នាំរូបនេះកំពុងស្ថិតក្នុងរយៈពេល 6 ខែចុងក្រោយនៃកុងត្រារបស់ខ្លួននៅ Santiago Bernabeu ហើយត្រូវបានគេយល់ថា ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid មិនទាន់បានសម្រេចចិត្តថា តើនឹងត្រូវបន្តកុងត្រាថ្មីជាមួយគាត់ រឺអត់នោះឡើយ។
យ៉ាងណាមិញ Dani Ceballos បានបង្ហាញខ្លួនចំនួន 18 ប្រកួតសម្រាប់ក្លឹបអធិរាជស Real Madrid ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assists) បានចំនួន 4 ដង តែគាត់មិនមែនជាកីឡាករដែលលេចធ្លោរប៉ុន្មានឡើយនៅក្នុងក្រុម។
យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ខ្សែបម្រើរូបនេះបានច្រានចោលការចាប់អារម្មណ៍ពីក្លឹបដែលនៅក្នុងក្របខណ្ឌ Premier League ដោយគាត់មានទំនុកចិត្តថា នឹងអាចបញ្ចុះបញ្ចូល Real Madrid ផ្ដល់នូវកុងត្រាថ្មី ដើម្បីឲ្យគាត់នៅទឹកដីអេស្ប៉ាញបន្តទៀត។
ប្រភព: Sportsmole