បាល់ទាត់អន្តរជាតិ
Man City ទទួលយកសំណើរលក់ Aymeric Laporte ទៅឲ្យក្លឹប Al-Nassr

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានទទួលយកសំណើរពីក្លឹប Al-Nassr ដែលស្ថិតនៅ Saudi Pro League លើការផ្ទេរខ្សែការពារ Aymeric Laporte ហើយ។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានចំណាយពេល 5 ឆ្នាំកន្លះ នៅ Etihad ដោយបង្ហាញខ្លួនសរុបបាន 179 ប្រកួត។
ខ្សែការពារ Aymeric Laporte ដែលជាអតីតកីឡាកររបស់ក្លឹប Athletic Bilbao រូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ចំនួន 12 ពានជាមួយ Man City ដែលក្នុងនោះមានពានសំខាន់ Premier League ចំនួន 5 និង UEFA Champions League 1។ ទន្ទឹមនឹងនេះដែរ Laporte ក៏ជាមនុស្សម្នាក់ដែលស្ថិតក្នុងបញ្ជីកីឡាករឈ្នះពានបីក្នុងមួយរដូវកាលរបស់លោក Pep Guardiola កាលពីរដូវកាលមុនដែរ ប៉ុន្តែគាត់បានបង្ហាញខ្លួនត្រឹមតែ 20 ប្រកួតប៉ុណ្ណោះ ដោយស្ថិតក្នុងជម្រើសបន្ទាប់ពី Ruben Dias, John Stones, Manuel Akanji និង Nathan Ake។
កីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Man City តាំងពីខែមករាមកម្ល៉េះ ហើយគាត់កាន់តែពិបាកថែមទៀតនៅពេលដែលថ្មីៗនេះក្លឹប Man City ទើបនឹងចុះហត្ថលេខាលើបេក្ខភាពខ្សែការពារចំណូលថ្មី Josko Gvardiol។
មានក្លឹបជាច្រើននៅអឺរ៉ុបត្រូវបានគេដឹងថា ចាប់អារម្មណ៍លើ Laporte ហើយក្លឹបទាំងនោះមានទាំង Arsenal ផងដែរ ដោយពួកគេចង់បានខ្សែការពាររូបនេះមកជំនួស Jurrien Timber ដែលទើបនឹងរងរបួសកាលពីពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែត The Athletic លោក David Ornstein បានអះអាងថា ថ្មីៗនេះក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr បានចាប់អារម្មណ៍កាន់តែខ្លាំងលើ Laporte ហើយសំណើររបស់ពួកគេត្រូវបានយល់ព្រមដោយ Man City ផងដែរ។ តម្លៃនៃសំណើររបស់ Al-Nassr នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេគិតថា Man City នឹងលក់ខ្សែការពាររូបនេះក្នុងតម្លៃយ៉ាងហោចណាស់ 30 លានផោន។
ប្រភព: Sportsmole