បាល់ទាត់អន្តរជាតិ
ចំណាត់ថ្នាក់កីឡាករសញ្ជាតិអង់គ្លេសទាំង 4 រូប ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ក្រៅពីមានលីគកំពូលដ៏អស្ចារ្យជាងគេហើយនោះ អង់គ្លេសក៏ជាប្រទេសដែលមានកីឡាករតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោកផងដែរ។ បាល់ទាត់របស់អង់គ្លេសបានផលិតកីឡាករដែលមានទេពកោសល្យជាច្រើននាក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កីឡាករមួយចំនួនត្រូវបានចងចាំនៅក្នុងពិភពបាល់ទាត់ ហើយក៏បានសាងកំណត់ត្រាដ៏ច្រើនសម្រាប់អ្នកគាំទ្រផងដែរ។ ដោយឡែក ក្នុងអត្ថបទនេះយើងនឹងចោលភ្នែកក្រឡេកមើលកីឡាករសញ្ជាតិអង់គ្លេសដែលមានតម្លៃខ្លួនថ្លៃបំផុតទាំង 4 រូបក្នុងប្រវត្តិសាស្ត្រ។
4. Harry Maguire – 87 លានអឺរ៉ូ
កាលពីមុន Harry Maguire ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតមួយរូបនៅ Premier League ដោយសារការបង្ហាញសមត្ថភាពរបស់គាត់ក្នុងនាមជាខ្សែការពារកណ្ដាលរបស់ក្លឹប Leicester City។ ពេលនោះតម្លៃផ្ទេររបស់គាត់បានកើនឡើង ហើយនៅខែសីហា ឆ្នាំ 2019 ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាលើ Maguire ពី Leicester City ក្នុងតម្លៃ 87 លានអឺរ៉ូ។
3. Jude Bellingham – 103 លានអឺរ៉ូ
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នគឺជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក បន្ទាប់ពីការបង្ហាញសមត្ថភាពរបស់គាត់កន្លងមកជាមួយក្លឹប Borussia Dortmund និងក្រុមជម្រើសជាតិអង់គ្លេស។ ក្លឹប Real Madrid បានសម្រេចចុះហត្ថលេខាលើគាត់ក្នុងតម្លៃ 103 លានអឺរ៉ូពី Borussia Dortmund ក្នុងខែកក្កដា ឆ្នាំ 2023 ថ្មីៗនេះ។
2. Jack Grealish – 117.5 លានអឺរ៉ូ
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa រូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេចធ្លោរបំផុតនៅ Premier League។ Grealish គឺជាកីឡាករដ៏សំខាន់បំផុតរបស់ Aston Villa មុនពេលគាត់ចូលរួមជាមួយ Manchester City ក្នុងតម្លៃ 117.5 លានអឺរ៉ូកាលពីខែសីហា ឆ្នាំ 2021។
1. Declan Rice – 121.5 លានអឺរ៉ូ (មិនទាន់ត្រូវបានបញ្ជាក់ដោយក្លឹប)
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា Declan Rice នឹងចុះហត្ថលេខាជាមួយ Arsenal ដោយផ្ទេរពីក្លឹប West Ham United ក្នុងតម្លៃបំបែកកំណត់ត្រារបស់អង់គ្លេសចំនួន 121.5 លានអឺរ៉ូ។ តម្លៃផ្ទេរនេះ នឹងធ្វើឲ្យគាត់ក្លាយជាកីឡាករអង់គ្លេស ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត។
ប្រភព: Sportskeeda