Connect with us

បាល់ទាត់អន្តរជាតិ

មក​ដឹង​ពី​ប្រវត្តិ​របស់ IShowSpeed ដែល​ជា​អ្នកគាំទ្រ​ដ៏​ងប់ងល់​របស់ Cristiano Ronaldo

Published

on

Darren Watkins Jr. គឺ​ជា​ឈ្មោះ​ពិត​របស់ YouTuber ដ៏​ល្បី IShowSpeed។ គាត់​បាន​ចាប់​ផ្តើម​បង្ហោះវីដេអូ​ហ្គេម និង​ការ​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​នៃ​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត COVID-19 ហើយ​ឆាណែល​របស់​គាត់ ទទួល​បាន​អ្នក​មើល​រាប់លាន និង​អ្នក​តាម​ដាន​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។

IShowSpeed គឺ​ជា​ក្មេង​ប្រុស​វ័យ​ជំទង់​ជនជាតិ​អាមេរិក មក​ពី​រដ្ឋ Ohio កើត​នៅ​ថ្ងៃទី 21 ខែមករា ឆ្នាំ 2005។ គាត់​បាន​ចំណាយ​ពេល​តាំង​ពី​តូច​ដល់​ពេញ​វ័យ នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់ និង​មាន​ប្អូន​ប្រុស​តូចៗ​ពីរ​នាក់។ គាត់​មាន​ចំណង់​ចំណូល​ចិត្ត​លេង​ហ្គេម​តាំង​ពី​ក្មេង ហើយ​វីដេអូ​ដំបូង​បង្អស់​របស់​គាត់ បាន​ផុស​នៅលើ Youtube ក្នុង​ឆ្នាំ 2018 អំឡុង​ពេល​ដែល​គាត់​នៅ​រៀន ហើយ​វីដេអូ​នោះ​គឺ​ជា​ការ​លេង​ហ្គេម NBA 2K18។

គាត់​បាន​ចាប់​ផ្តើម​អាជីព​ជា YouTuber ដោយ​មាន​អ្នក​មើល​តិចតួច រហូត​មក​ដល់​ពេល​នេះ IShowSpeed បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី​មួយ​រូប​នេះ និង​មាន​អ្នក​តាម​ដាន​ឆាណែល​គាត់​រហូត​ដល់ 18.7 លាន​នាក់។ ក្រៅ​ពី​ការ​លេង​ហ្គេម និង​ធ្វើ​វីដេអូ​ប្លែកៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ IShowSpeed ក៏​ចូល​ចិត្ត​លេង​បាល់ទាត់​ដែរ។

ក្រោយ​មក​ដោយ​សារ​តែ​ការ​ទៅ​សាលា មាន​ការ​ចំណាយ​ពេល​ច្រើន គាត់​បាន​សម្រេច​ចិត្ត​ឈប់​រៀន និង​ផ្ដោត​ទាំង​ស្រុង​លើ​ការ​ធ្វើ​វីដេអូ​នៅ​លើ YouTube របស់​គាត់។ ត្រឡប់​ទៅ​ឆ្នាំ 2016 នៅ​ពេល​ដែល IShowSpeed បង្កើត YouTube ឆាណែល​របស់​គាត់ គាត់​មិន​បាន​បង្ហោះ​វីដេអូ​ណាមួយ​ឡើយ ហើយ​គាត់​ក៏​មិនបាន​ពិចារណា​ថា​នឹង​ចាប់​អាជីព​មួយ​នេះ​ទេ។ នៅ​ឆ្នាំ 2018 ទើប​គាត់​បាន​បង្ហោះ​ឃ្លីប NBA 2K18 ដែល​ជា​ឃ្លីប​ដំបូង​បំផុត តែគាត់​មាន​ការ​ខកចិត្ត ព្រោះ​វីដេអូ​ធ្វើ​មិន​សូវ​បាន​ល្អ និង​គ្មាន​អ្នក​មើល។

IShowSpeed មាន​ឱកាស និង​ពេល​ទំនេរ​ច្រើន​ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត COVID-19 ហើយ​ក៏​បាន​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ YouTube របស់​ខ្លួន។ នៅ​ខែ​មេសា ឆ្នាំ 2020 គាត់​បាន​បង្ហោះ​វីដេអូ​ដែល​ទាក់ទង​នឹង NBA 2K20 និង 2k21 ដោយ​ទទួល​បាន​អ្នក​ទស្សនា​ដ៏​ច្រើន។ កម្លាំង​ចិត្ត ក៏​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​នោះ​ ហើយ IShowSpeed ក៏​ចាប់​ផ្ដើម​ផុស និង Live ហ្គេម​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់​ដោយ​មាន​ទាំង​ហ្គេម Fortnite, Five Nights at Freddy’s ផង​ដែរ។ នៅ​ពាក់​កណ្តាល​ឆ្នាំ 2020 គាត់​ទទួល​បាន​អ្នក​តាម​ដាន​នៅ​លើ YouTube ចំនួន 100K។

ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់ IShowSpeed នា​ពេល​បច្ចុប្បន្ន​គឺ​តាម​រយៈពាណិជ្ជកម្ម​នៃ YouTube របស់​គាត់ និង​តាម​រយៈ Twitch។ ចំណូល​ផ្សេង​ទៀត IShowSpeed ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ​នៅ​លើ TikTok, ​ការ​លក់​ទំនិញ និង​តាមរយៈ​ការ​សហការ​លើ​ប្រេនល្បីៗ​មួយ​ចំនួន។ ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​របស់ IShowSpeed គិត​ត្រឹម​ខែ​មករា ឆ្នាំ 2023 គឺ​មាន​ចន្លោះ​ពី 10 ទៅ 12 លាន​ដុល្លារ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២