បាល់ទាត់អន្តរជាតិ
Sergino Dest ខ្ចីជើងពេញមួយរដូវកាលទៅ PSV Eindhoven

នៅទីបំផុតក្លឹបអ្នកមានបុណ្យ Barcelona បានដាក់ខ្សែការពារសញ្ជាតិអាមេរិក Sergino Dest ឲ្យខ្ចីជើងទៅក្លឹបផ្សេងបានសម្រេចដូចបំណងរបស់ពួកគេហើយ ដោយកីឡាកររូបនេះបានសម្រេចចូលរួមជាមួយនឹង PSV Eindhoven ដែលជាក្លឹបស្ថិតនៅលីគកំពូលនៃប្រទេសហូឡង់។
យ៉ាងណាមិញ Sergino Dest មិនមែនជាខ្សែការពារស្ដាំដែលស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់ Barcelona រដូវកាលនេះទេ ខណៈដែលកាលពីរដូវកាលមុនគាត់ក៏បានខ្ចីជើងទៅ AC Milan ផងដែរ។ ខ្សែការពារសញ្ជាតិអាមេរិចរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតមុនបើរដូវកាលរបស់ Barcelona ប៉ុន្តែគ្រូបង្វឹកលោក Xavier Hernandez បានមើលឃើញថា គុណភាពនៃការលេងរបស់គាត់មិនដល់កម្រិតនៃការចង់បានរបស់ខ្លួនឡើយ។
Sergino Dest គឺជាកីឡាករដែល Barcelona បានចំណាយប្រាក់ 21 លានអឺរ៉ូ ទិញយកពី AFC Ajax កាលពីឆ្នាំ 2020។ ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្ន Barcelona មានវិបត្តិខ្វះខាតខ្សែការពារស្ដាំ ប៉ុន្តែពួកគេបានសម្រេចចិត្តដាក់ Sergino Dest ឲ្យខ្ចីជើងទៅក្លឹបផ្សេង ហើយត្រូវបង្ខំចិត្តប្រើប្រាស់ Jules Kounde និង Ronald Araujo ជំនួសវិញ។
ប្រភព: Getfootballnewsfrance