បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Mitrovic ចុះហត្ថលេខាផ្ទេរទៅចូលរួមជាមួយ Al Hilal

កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Al Hilal ដែលស្ថិតនៅ Saudi Pro League បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham F.C ដូចពាក្យចចាមអារ៉ាមកាលពីប៉ុន្មានសប្ដាហ៍មុននេះពិតមែន។ កីឡាករវ័យ 28 ឆ្នាំរូបនេះ នឹងចុះកិច្ចព្រមព្រៀងជាមួយនឹងកុងត្រារយៈពេល 3 ឆ្នាំជាមួយ Al Hilal។
យ៉ាងណាមិញ កុងត្រារបស់ Aleksandar Mitrovic ជាមួយក្លឹបថ្មីនៅអារ៉ាប៊ីសាអូឌីត មានសុពលភាពដល់ខែមិថុនា ឆ្នាំ 2026។ ខណៈដែលកីឡាករសញ្ជាតិស៊ែប៊ីរូបនេះនៅជាប់កុងត្រាជាមួយ Fulham ប៉ុន្មានឆ្នាំទៀតនោះ Al Hilal បានចំណាយប្រាក់លើតម្លៃខ្លួនកីឡាកររូបនេះដែលគេដឹងថា ប្រហែលជាលើសពី 50 លានអឺរ៉ូ។
Aleksandar Mitrovic ចាកចេញពី Fulham ក្នុងនាមជាកីឡាករដែលរស់ក្នុងទ្រនំជាមួយក្លឹបអង់គ្លេសមួយនេះបានរយៈពេល 7 ឆ្នាំមកហើយ ដោយបង្ហាញខ្លួនសរុប 206 ប្រកួត និងស៊ុតបញ្ចូលទីបាន 111 គ្រាប់។ ខ្សែប្រយុទ្ធកណ្ដាលដែលជំនាញជើងស្ដាំរូបនេះ នឹងក្លាយជាមិត្តរួមក្រុមថ្មីជាមួយកីឡាករល្បីមួយចំនួនដូច Neymar Jr, Malcom, Koulibaly និង Ruben Neves ជាដើម។
ប្រភព: Fabrizio Romano