បាល់ទាត់អន្តរជាតិ
ប្រមូលល្អៗអស់ហើយ!!! ពេលនេះ Man City ចង់បាន Evan Ferguson ថែមម្នាក់ទៀត

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀតដែលកំពុងស្វែងរកឱកាសក្នុងការផ្ទេរ សម្រាប់ខ្សែប្រយុទ្ធ Evan Ferguson របស់ Brighton។ យ៉ាងណាមិញ កីឡាករវ័យ 18 ឆ្នាំរូបនេះ កំពុងត្រូវបានគេមើលឃើញថា នឹងក្លាយជាអនាគតដ៏ត្រចះត្រចង់ប្រចាំលីគកំពូលរបស់អង់គ្លេស Premier League។
Evan Ferguson បានចាប់អាជីពបាល់ទាត់លើកដំបូងរបស់គាត់ដោយលេងជាយុវជនរបស់ក្លឹប Bohemians ហើយត្រឹមតែរយៈពេលមួយរដូវកាលប៉ុណ្ណោះ Brighton បានមើលឃើញពីសមត្ថភាពដ៏ល្អរបស់គាត់ ហើយបានចុះហត្ថលេខាលើកីឡាករសញ្ជាតិអៀរឡង់រូបនេះ ក្នុងខែសីហា ឆ្នាំ 2021។
ដំបូងឡើយ Evan Ferguson បានលេងឲ្យឈុតយុវជនរបស់ Brighton U21 និងបានធ្វើរឿងដ៏អស្ចារ្យនៅទីនោះ ដោយស៊ុតបញ្ចូលទីបាន 18 គ្រាប់ ក្នុងការបង្ហាញខ្លួន 39 ប្រកួត។ បន្ទាប់មកទៀត គាត់បានចូលរួមជាមួយឈុតធំ ដោយនៅរដូវកាលមុនគាត់បានស៊ុតបញ្ចូលទី 10 គ្រាប់ និង Assists ចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 25 ប្រកួត។
គ្មានកីឡាករវ័យក្មេងណាម្នាក់នៅអង់គ្លេសដែលវិវត្តន៍ខ្លួនបានលឿនដូច Evan Ferguson ឡើយ ហើយស្របពេលជាមួយគ្នានោះ មានក្លឹបជាច្រើនបានចាប់អារម្មណ៍លើគាត់។ យោងតាម inews បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯក Man City និងក្លឹបជាច្រើនទៀតនៅក្របខ័ណ្ឌ Premier League កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ Ferguson និងបានត្រៀមគោលដៅផ្ទេរខ្សែប្រយុទ្ធរូបនេះ នៅខែមករា ពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។
ប្រភព: Sportsmole