បាល់ទាត់អន្តរជាតិ
Lamine Yamal ធ្លាប់ត្រូវបាន Man City ទាក់ទងចង់បានកាលពីដើមឆ្នាំនេះ

ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបឲ្យដឹងថា Manchester City ធ្លាប់បានតាមចែចង់កីឡាករវ័យក្មេងរបស់ពួកគេ Lamine Yamal កាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ របាយការណ៍ពី Marca បានរាយការណ៍ថា ក្រុមរបស់លោក Pep Guardiola បានធ្វើការទាក់ទងទៅកាន់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មុនពេលគេត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាលើកដំបូងរបស់ Barcelona។
យ៉ាងណាមិញរបាយការណ៍នេះបានអះអាងបន្ថែមទៀតថា Man City ចង់ចុះហត្ថលេខាលើកីឡាករដ៏មានទេពកោសល្យរូបនេះ ហើយបញ្ជូនគាត់ឲ្យខ្ចីជើងទៅក្លឹប Girona ជាកន្លែងដែលគាត់អាចទទួលបានបទពិសោធន៍ជាមួយក្រុមឈុតធំលើកដំបូង។ គួរដឹងផងដែរថា Manchester City គឺជាអ្នកពាក់ព័ន្ធដ៏សំខាន់នៅ Girona ព្រោះពួកគេបានទិញភាគហ៊ុន 44.3% នៅក្នុងក្លឹប ក្នុងឆ្នាំ 2017 ហើយកាលពីមុនៗ ពួកគេធ្លាប់បានខ្ចីកីឡាករជាច្រើននៅទីនោះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា Lamine Yamal មិនសូវចាប់អារម្មណ៍លើការដូរក្លឹប ហើយបានជ្រើសរើសបន្តនៅ Barcelona។ មិនយូរប៉ុន្មានគាត់ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំ និងត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរ ជាមួយនឹងទម្រង់លេងដ៏ល្អ សាកសមជាគ្រាប់ពេជ្រនាពេលអនាគតរបស់ Barcelona។ លើសពីនេះទៅទៀត ថ្មីៗនេះគាត់ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញ និងរកបានគ្រាប់បាល់ដំបូងរបស់ខ្លួនផងដែរ ក្នុងនាមជាកីឡាករវ័យក្មេងបំផុត។
ប្រភព: Barcablaugranes