បាល់ទាត់អន្តរជាតិ
Kalvin Phillips ត្រៀមចាកចេញទៅចូលរួមជាមួយ Newcastle United នៅខែមករាខាងមុខ

ខ្សែបម្រើកណ្ដាល Kalvin Phillips ត្រូវបានគេរាយការណ៍ថា ទំនងជានឹងចាកចេញពី Manchester City ក្នុងខែមករានេះហើយ ស្របពេលដែលគាត់កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅ Premier League រួមមានទាំង Newcastle United និង Everton ផងដែរ។
កីឡាករវ័យ 27 ឆ្នាំរូបនេះបានរស់នៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺននៃអាជីពបាល់ទាត់របស់ខ្លួន ក្នុងរយៈពេល 15 ខែ នៅ Etihad ចាប់តាំងពីបានផ្ទេរពី Leeds United ក្នុងខែកក្កដា ឆ្នាំ 2022។ Kalvin Phillips បានក្លាយជាជម្រើសដំបូងនៅក្នុងការប្រកួតត្រឹមតែ 5 ដងប៉ុណ្ណោះ ក្នុងចំណោម 26 ប្រកួតរបស់គាត់នៅ Man City។
របួសរបស់គាត់ និងទម្រង់លេងដ៏ល្អរបស់ Rodri គឺជាកត្តាសំខាន់ពីរដែលរារាំង Phillips ពីការកសាងខ្លួនឯងឲ្យក្លាយជាកីឡាករដ៏សំខាន់របស់ក្រុម។ Kalvin Phillips នៅសល់កុងត្រារបស់គាត់រយៈពេល 5 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែពេលនេះគាត់កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ជាមួយក្រុមរបស់លោក Pep Guardiola។
យោងតាមសារព័ត៌មាន The i បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City នឹងបើកចំហរក្នុងការអនុញ្ញាតឲ្យ Kalvin Phillips ចាកចេញនៅរដូវក្តៅនេះ។ ប៉ុន្តែទោះជាយ៉ាងណា ខ្សែបម្រើរូបនេះប្រហែលជាអាចនឹងចាកចេញមុនការរំពឹងទុក ដោយគាត់នឹងចាកចេញពីនៅខែមករាពាក់កណ្ដាលរដូវកាលនេះ។
ប្រភព: Sportsmole