បាល់ទាត់អន្តរជាតិ
បញ្ជាក់ពី ស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធឆ្នើម Son Heung-min
ខ្សែប្រយុទ្ធ Son Heung-min របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ហាក់បីដូចជាមានសង្ឃឹមថា មិនរងរបួសធ្ងន់ធ្ងរប៉ុន្មានទេ ក្នុងការប្រកួតទល់នឹង West Ham United កាលពីរំលងអាធ្រាតយប់មិញ។
កីឡាករវ័យ 31 ឆ្នាំរូបនេះ តែងតែមានវត្តមានក្នុងជម្រើសដំបូងជានិច្ច ក្រោមការដឹកនាំរបស់លោក Ange Postecoglou។ នៅរដូវកាលនេះ Son Heung-min បានរួមចំណែកស៊ុតបញ្ចូលទីចំនួន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង ក្នុងការបង្ហាញខ្លួន 15 ប្រកួត ក្នុងក្របខ័ណ្ឌ Premier League។
ទោះជាយ៉ាងណាក៏ដោយ ក្នុងការបរាជ័យ 2-1 ជាមួយ West Ham United កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធឆ្នើម Son Heung-min មិនបានលេងពេញតង់រហូតដល់ចប់ការប្រកួតនោះទេ ដោយនៅនាទីទី 87 គាត់ត្រូវបានប្ដូរចេញ និងជំនួសមកវិញដោយ Alejo Veliz។ នៅពេលចាកចេញទៅអង្គុយលើកៅអីបម្រុង Son Heung-min ហាក់ដូចជាបង្ហាញអាការៈឈឺចាប់ ខណៈដែលបុគ្គលិកពេទ្យរបស់ក្លឹបក៏បានមើលគាត់ផងដែរ។
ក្រោយមកទៀត Son Heung-min បានផ្តល់ព័ត៌មានចុងក្រោយអំពីស្ថានភាពនៃរបួសរបស់គាត់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយនិយាយថា គាត់មានអារម្មណ៍ឈឺឆ្អឹងខ្នងខាងក្រោយ ដោយសារត្រូវបាល់មួយទំហឹង ហើយរងចាំខាងគ្រូពេទ្យពិនិត្យលើបញ្ហានេះ។ ដោយឡែកប៉ុន្មានម៉ោងបន្ទាប់ មានរបាយការណ៍ពី The Express បានឲ្យដឹងថា កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ហើយគាត់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួត Premier League នៅ 3 ថ្ងៃបន្ទាប់ដែល Tottenham Hotspur នឹងត្រូវប្រកួតជាមួយក្លឹប Newcastle United ដែលជាក្រុមខ្លាំងមួយនៅអង់គ្លេស។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar