Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Carlo Ancelotti សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Real Madrid

Published

on

កាល​ពី​ម្សិលមិញ​នេះ លោក Carlo Ancelotti ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប Real Madrid បាន​ចុះ​កុងត្រា​ថ្មី ដើម្បី​ដឹកនាំ​នៅ Bernabeu រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026។ យ៉ាង​ណា​មិញ កុងត្រា​បច្ចុប្បន្ន​ដែល​មាន​ស្រាប់​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

កន្លង​មក គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា សហព័ន្ធ​បាល់ទាត់​របស់​ប្រេស៊ីល ចង់​នាំ​យក​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ មក​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​នៅ​ឆ្នាំ 2024។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រាល់​ពេល​ដែល​ត្រូវ​បានគេ​សួរ​ពី​រឿង​នេះ លោក Carlo Ancelotti តែង​តែ​និយាយ​ថា ជម្រើស​ដំបូង​របស់​គាត់ គឺ​ចង់​បន្ត​ដឹកនាំ​នៅ Real Madrid។

យោងតាម​ការ​ប្រកាស​ជា​ផ្លូវការណ៍​របស់​ក្លឹប Real Madrid បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ពួក​គេ​ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ លោក Carlo Ancelotti គឺ​ជា​គ្រូ​បង្វឹក​តែ​ម្នាក់​គត់​ដែល​បាន​លើក​ពាន UEFA Champions League ចំនួន 4 ដង និង​ជា​គ្រូបង្វឹក​​ដែល​ដឹកនាំ​ក្រុម​ឈ្នះប្រកួត​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ UCL (ឈ្នះ 118 ប្រកួត)។ លើស​ពី​នេះ​ទៀត Carlo Ancelotti ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្លាប់​បាន​លើក​ពាន​គ្រប់​លីគ​កំពូល​ទាំង 5 នៅ​តំបន់​អឺរ៉ុប (អ៊ីតាលី, អង់គ្លេស, បារាំង, អាឡឺម៉ង់ និង​អេស្ប៉ាញ)។

ប្រភព: Realmadrid.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២